ឧត្តរមានជ័យ៖ ភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃក្នុងខេត្តឧត្តរមានជ័យ បណ្តាឱ្យទំនប់អាងស្តុបទឹកតាម៉ុក ស្ថិតនៅចំណុចឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានកំរិតកម្ពស់ទឹកបានហក់ឡើង មានកម្ពស់រហូតដល់ ៣.៥៤ម៉ែត្រ ស្ថានភាពបែបនេះ មិនទាន់ដល់កម្រិតទឹកគួរឲ្យមានការប្រុងប្រយ័ត្ននោះទេ។
ជាមួយគ្នានោះដែរលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានប្រាប់ថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យបណ្តាឲ្យស្ថានភាពនៃកម្រិតកម្ពស់ទឹកនៅក្នុងអាងទំនប់អាងស្តុបទឹកតាម៉ុកមានការហក់ឡើងពេញប្រៀបដោយមានកម្រិតកម្ពស់ទឹកត្រឹម ៣.៥៤ម៉ែត្រស្ថានភាពនៅធម្មតា កម្រិតកម្ពស់ទឹកដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននោះគឺកម្រិតកម្ពស់ទឹក៣.៨៥ ម៉ែត្រដែលជាកម្រិតត្រូវឲ្យមានការប្រុងប្រយ័ត្នប្រកាសអាសន្ន។
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបន្តថា កម្រិតកម្ពស់ទឹកសម្រាប់ព្រឹកថ្ងៃទី ២០វេលាម៉ោង១២នេះ គឺកម្រិតកម្ពស់ទឹកនៅត្រឹមកម្រិតកម្ពស់ ៣.៣៥ ស្ថានភាពស្រុកចុះខ្លះហើយនិងមិនមានបញ្ហាអ្វីខូចខាតដល់ផលដំណាំរបស់បងប្អូនប្រជាកសិករដែលរស់នៅតាមតំបន់វាលទំនាបផ្នែកខាងក្រោមនោះឡើយ៕ អត្ថបទ៖ សារិទ្ធិ




