ភ្នំពេញ៖ មន្ត្រីជំនាញ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបន្តជួយបណ្ដុះបណ្ដាល ជំនាញសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យ សង្គ្រាម ទៅដល់សិក្ខាកាមមកពីអង្គការ Humanity & Inclusion (HI) ប្រចាំប្រទេសមីយ៉ាន់ម៉ា ។
ក្នុងពិធីជួបសម្ដែងការគួរសម ពីសំណាក់សិក្ខាកាមអង្គការ HI នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ មានប្រសាសន៍ថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ត្រីជំនាញស៊ីម៉ាក់ បានជួយបណ្ដុះបណ្ដាលហ្វឹកហ្វឺន ជំនាញបោសសំអាតមីន ដល់មន្ត្រី នៃប្រទេសជាច្រើននៅលើពិភពលោក បាននិងកំពុងប្រឈមបញ្ហាកាកសំណល់ពីសង្គ្រាម តែងបង្កគ្រោះថ្នាក់ដល់មនុស្សសត្វ ។
ឯកឧត្តម បន្តថា ប្រទេសដែលមន្ត្រីស៊ីម៉ាក់ជួយបណ្ដុះបណ្ដាលការងារបោសសំអាតមីន គឺមានដូចជា ប្រទេសកូឡំប៊ី អង់កូឡា អ៊ីរ៉ាក់ អាហ្កានីស្ថាន ឡាវ និងប្រទេសមួយចំនួនទៀត ករណីខ្លះមកសិក្សាផ្ទាល់នៅកម្ពុជា និងករណីខ្លះ ស៊ីម៉ាក់បញ្ជូនគ្រូទៅបង្រៀនប្រទេសគេ ហើយប្រទេសខ្លះទៀត មានការដោះដូរនូវបទពិសោធន៍ដល់គ្នា ហើយរួមទាំងបានជួយហ្វឹកហាត់លើការបោសសំអាតមីន ដោយសត្វសុនខផងដែរ ។
ឯកឧត្តម ហេង រតនា បានបន្ថែមថា ជាក់ស្ដែងមន្ត្រីជំនាញស៊ីម៉ាក់ ទើបបញ្ចប់វគ្គហ្វឹកហ្វឺនទៅមន្ត្រីកូឡុំប៊ី មានខាងកងទ័ពជើងគោក ជើងទឹក ជើងអាកាស ក្រសួងការពារជាតិ និងតំណាងមជ្ឈមណ្ឌលកំចាត់មីនកូឡុំប៊ី សរុបចំនួន១៥នាក់ ខណៈការជួយហ្វឹកហ្វឺននេះ តាំងពីឆ្នាំ២០១០ សរុបសិក្ខាកាមចំនួនជិត ២០០នាក់ ក្រោមជំនួយគាំទ្រពីអង្គការចៃកា របស់ជប៉ុន ។
អគ្គនាយកស៊ីម៉ាក់ បានបន្ថែមថា សម្រាប់ការបណ្ដុះបណ្ដាលដល់សិក្ខាកាមរបស់អង្គការ HI ចំនួន ១០នាក់ (ស្រី៤នាក់) ក្នុងនោះមន្ត្រីជំនាញស៊ីម៉ាក់ នឹងផ្តល់ការហ្វឹកហ្វឺនលើផ្នែក “ការស្រាវជ្រាវ មិនបច្ចេកទេស (Non-Technical Survey)” ដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ក្នុងវិស័យសកម្មភាពមីន ដើម្បីគាំទ្រកិច្ចប្រតិបត្តិការខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
គួរបញ្ជាក់ាថា វគ្គហ្វឹកហ្វឺននេះ មានរយៈ ពេល៩ថ្ងៃ គឺចាប់ពី ថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅសារមន្ទីសន្តិភាពខេត្តសៀមរាប ហើយវគ្គហ្វឹកហ្វឺននេះ មានគ្រូបង្គោលចូលរួមហ្វឹកហាត់ ៕ អត្ថបទ បាន សុខរិទ្ធិ




