ឧត្តរមានជ័យ៖ មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បានបើកកិច្ចប្រជុំបណ្តាញការងារយេនឌ័រថ្នាក់ខេត្តប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីចែករំលែកនូវព័ត៌មាន និងបទពិសោធន៍លើការអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី របស់អង្គភាព មន្ទីរវិស័យ អង្គការដៃគូពាក់ព័ន្ធនានាក្នុងខេត្ត ដើម្បីលើកជាអនុសាសន៍ល្អៗសម្រាប់គាំទ្របន្តនៅថ្នាក់ក្រោមជាតិ។
លោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរំលេចពីតម្លៃនៃសន្តិភាពនិងការបញ្ជ្រាបយេនឌ័រដល់ថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រ ជំរុញឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័ននានា ទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ក្នុងការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្ត្រី ក៏ដូចជាសុខមាលភាពផងដែរ។
ក្នុងឱកាសនោះ លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្ដរមានជ័យ លើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រយ៉ាងច្បាស់ពីសារៈសំខាន់នៃការលើកកម្ពស់សមភាពយេនឌ័រ ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាល ទី១ ទី២ ទី៣ និងទី៤ ដែលបានចាត់ទុកថា “ស្រ្តីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ” ក្នុងន័យនេះ រាជរដ្ឋាភិបាល កំពុង យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី។
លោកជំទាវ អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើរដល់ស្ថាប័ន និងអង្គការដៃគូរអភិវឌ្ឍពាក់ព័ន្ធនានា រួមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់សហការណ៍គាំទ្រជំរុញ ការអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី តាមវិស័យនឹងរូបភាពផ្សេងៗ ក្នុងអង្គភាពរបស់ខ្លួន អោយកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតផងដែរ៕ អត្ថបទ៖ សារិទ្ធិ





