ប្រណាំងកង់៖ កីឡាករប្រណាំងកង់កាណាដា Hugo Houle បានប្រជែងឈ្នះដំណាក់កាលទី១៦ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Tour de France តែអ្នកនាំមុខរួមនៅតែជាកីឡាករដាណឺម៉ាក Jonas Vingegaard ដដែល។

ដំណាក់កាលទី១៦ ដែលមានចំងាយផ្លូវ ១៧៨.៥គីឡូម៉ែត្រ កីឡាកររបស់ក្រុមប្រណាំង Israel-Mremier Tech, Hugo Houle បានមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៤ ម៉ោង ២៣ នាទី ៤៧ វិនាទី ដែលជាជ័យជំនះដំបូងក្នុងអាជីព។ លេខ២ ក្នុងដំណាក់កាលបានទៅកីឡាករម្ចាស់ផ្ទះបារាំង Valentin Madouas យឺតជាង ១នាទី ១០វិនាទី និងលេខ ៣ កីឡាករកាណាដា Michael Woods។
យ៉ាងណាក្តី កីឡាករដាណឺម៉ាក Jonas Vingegaard នៅតែរក្សាការនាំមុខរួមដដែល បន្ទាប់ពីរក្សាវេលាល្អជាងអ្នកលេខ Tadej Pogacar ក្នុងដំណាក់កាលទី ១៦ នេះ។ Vingegaard បន្តនាំមុខលើអ្នកការពារតំ ណែងជើងឯកកីឡាករស្លូវេនី Tadej Pogacar ២ នាទី ២២ វិនាទី និងលេខ ៣ កីឡាករអង់គ្លេស Geraint Thomas របស់ក្រុម Ineos យឺតជាង ២ នាទី ៤៣ វិនាទី។ សំរាប់ដំណាក់កាលទី១៧ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៣០គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ