ភ្នំពេញ៖ ស្ថានទូតរុស្សីប្រចាំកម្ពុជា បានកោតសរសើរចំពោះការបំពេញតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងការរៀបចំព្រឹត្តិការណ៍នៃកិច្ចប្រជុំសំខាន់នានា ក្នុងនាមជាម្ចាស់ផ្ទះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានតាមរយៈសន្និសីទសារព័ត៌មានដែលរៀបចំដោយស្ថានទូតរុស្សីប្រចាំកម្ពុជាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ លោក រ៉ាហ្វាល់អ៊ែល អាន់រ៉ាហ្គាវ អនុព័ន្ធព័ត៌មាននៃស្ថានទូតរុស្សី បានឲ្យដឹងថា បន្ទាប់ពីកម្ពុជា បានទទួលភារៈ ធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ សកម្មភាពនៃការដឹកនាំកិច្ចប្រជុំសំខាន់ៗ និងបំពេញតួនាទីរបស់កម្ពុជាបានអនុវត្តជាបន្តបន្ទាប់ ។
ក្នុងនោះ លោក បន្តថា ជាមួយនឹងការត្រៀមរៀបចំកិច្ចប្រជុំរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលកន្លងទៅ មានលទ្ធផលល្អប្រសើរដោយសារមានការចូលរួមពីបណ្តាជាសមាជិករបស់អាស៊ាន។
លោក រ៉ាហ្វាល់អ៊ែល អាន់រ៉ាហ្គាវ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនានារបស់កម្ពុជាជាប្រធានដឹកនាំអាស៊ាន ឬកិច្ចប្រជុំដៃគូពាក់ព័ន្ធនានា គឺភាគីរុស្សីត្រៀមនឹងចូលរួមតាមការរៀបចំ និងការស្នើរបស់កម្ពុជា។
ជាមួយគ្នានេះ លោក បានកោតសរសើរអំពីការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដែលបានធ្វើឲ្យមានផ្លៃផ្កា និងភាពល្អប្រសើរសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន។
លោក បានបន្ថែមថា រុស្សីប្តេជ្ញាប្រកាន់យកទំនាក់ទំនងទ្វេភាគីជាប្រវត្តិសាស្រ្ត និងយូរអង្វែងជាមួយកម្ពុជា ដើម្បីជំរុញឲ្យទំនាក់ទំនងជាប្រវត្តិសាស្រ្តនេះ បានរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ រួមទាំងអភិវឌ្ឍប្រទេសកម្ពុជា៕ អត្ថបទ៖ សេក ឧត្តម
