កោះកុង ៖ លោកមេឃុំថ្មស បានបកស្រាយបំភ្លឺជូនមហាជនអំពីការស្ថាបនាផ្លូវបេតុងទទឹង១ម៉ែត្រ និងបណ្តោយ១០០ម៉ែត្រនៅចំណោទចំការស្វាយឆ្ពោះទៅកាន់ឃុំតានូន ក្រោយមានការដាក់ជាចម្ងល់ជាច្រើនអំពីយន្តការធ្វើផ្លូវមួយនេះ។
លោក អិក កួន មេឃុំថ្មស អះអាងនៅថ្ងៃទី១៨ ខែកក្កដា ថ្មីៗនេះថា លោកសូមបំភ្លឺជូនដល់សាធារណជនជ្រាបថា កាលដែលលោក និងលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ គៀងគរថវិកាធ្វើផ្លូវបេតុងទទឹង១ម៉ែត្រ និងបណ្តោយ១០០ម៉ែត្រនេះ គឺគ្រាន់តែដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដោយម៉ូតូរបស់ពលរដ្ឋអំឡុងរដូវវស្សាជាបណ្តោះអាសន្នដោយមើលឃើញស្ថានភាពទីតាំងនោះទួលខ្ពស់រអិលខ្លាំង។
លោក អិក កួន មេឃុំថ្មស បន្ថែមថា ផ្លូវបេតុងលក្ខណៈជាបណ្តោះអាសន្នខាងលើ ជាថវិការបស់លោកផ្ទាល់ផង របស់លោកអភិបាលស្រុកបូទុមកសាគរផង និងសប្បុរសជននានាក្នុងឃុំ ក្នុងន័យសម្រួលធ្វើដំណើរទៅមកប៉ុណ្ណោះ។ ជាក់ស្តែងកំណាត់ផ្លូវនេះស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចៀសវាងភាពចំអកដល់អាជ្ញាធរដែលប្រឹងប្រែងយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
បញ្ហានេះលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែកក្កដានេះថា កំណាត់ផ្លូវបេតុងដែលអាជ្ញាធរឃុំថ្មស និងស្រុកបូទុមសាគរ ដាក់យន្តការធ្វើបណ្តោះអាសន្ន ជាផ្លូវស្ថិតនៅក្រោមការគ្រប់គ្រងអភិវឌ្ឍន៍របស់មន្ទីរពិតប្រាកដមែន។
លោក អន ដាវុធ លើកឡើងទៀតថា ផ្លូវនេះបើគិតចាប់ពីកែងផ្លូវក្រៅស៊ូឃុំថ្មសទៅឃុំតានូន វាមានប្រវែង២៤គីឡូម៉ែត្រ ដោយគ្រោងធ្វើជាផ្លូវក្រួសក្រហមជាមុនសិន មុននឹងប្រែក្លាយទៅថ្នល់ក្រៅស៊ូខាងមុខ។ ប៉ុន្តែការស្នើុសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំទាន់ឆ្លើយតបលើគម្រោងអភិវឌ្ឍន៍។
ទោះយ៉ាងណា លោកដាក់បញ្ចូនក្រុមការងារបច្ចេកទសចុះជួយគៀសម្រួលចំណុចពិបាកមួយចំនួនចេញបានជាង១០គីឡូម៉ែត្រហើយពីចំណុចកូនកុកមកដល់សាលារៀនឃុំតានូន។ នៅសេសសល់ពីសាលារៀនទៅឃុំថ្មស មិនទាន់ពេលឈូសឆាយគៀសម្រួល ខណៈបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងពេកពិបាកដាក់គ្រឿងចក្រចូល។ ហើយសហការជាមួយអាជ្ញាធរឃុំថ្មស ដើម្បីរកដីក្រួសក្រហមល្អមកស្ថាបនាផ្លូវចំណុចខូចខាត៕
អត្តបទ៖ ឈឹម មករា






