កំពង់ឆ្នាំង៖ កម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្ត និងអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព(WAH) នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងចំណេះដឹង និងជំនាញសំខាន់ៗ ក្នុងការងារផ្តល់ថ្នាំបង្ការសម្រាប់មន្ត្រីផ្តល់ថ្នាំបង្ការ ថ្នាក់មណ្ឌលសុខភាព។
លោកស្រីវេជ្ជបណ្ឌិត ពូន កែវរ៉ានី ប្រធានអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព(WAH) បានអោយដឹងថា៖ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនចំណេះដឹង និងជំនាញដល់មន្ត្រីផ្ដល់ថ្នាំបង្ការថ្នាក់មណ្ឌលសុខភាព ដើម្បីអោយការអនុវត្តការងារផ្ដល់ថ្នាំបង្ការកាន់តែមានប្រសិទ្ធភាពខ្ពស់សំរាប់សុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បង្កើនអត្រាគ្របដណ្តប់វ់ាក់សាំងជេអ៊ី និងវ៉ាក់សាំងដទៃទៀត របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ ពង្រឹងចំណេះដឹងរបស់មណ្ឌលសុខភាពទាំងអស់ក្នុងការកំណត់ភូមិក្នុងតំបន់គ្របដណ្តប់ ជាភូមិFixed, Outreach និង HR និងការរៀបចំផែនការផ្តល់ថ្នាំបង្ការប្រចាំឆ្នាំ(ផ/អ)ត្រឹមត្រូវ។ ពង្រឹងចំណេះដឹងរបស់មណ្ឌលសុខភាពក្នុងការរៀបចំទិវាផ្តល់ថ្នាំបង្ការតាមមូលដ្ឋាន។ ពង្រឹងចំណេះដឹងរបស់មណ្ឌលសុខភាពក្នុងការរៀបចំបញ្ជីតាមរកកុមារដែលខកខានមិនបានទទួលវ៉ាក់សាំង ដើម្បីបានមកទទួលវ៉ាក់សាំងគ្រប់ៗរូប។ ពង្រឹងចំណេះដឹងរបស់មណ្ឌលសុខភាពក្នុងការគណនាតម្រូវការវ៉ាក់សាំង និងរៀបចំវ៉ាក់សាំង ដាក់ក្នុងធុងវ៉ាក់សាំង ។ ពង្រឹងចំណេះដឹងរបស់មណ្ឌលសុខភាពក្នុងការទំនាក់ទំនងជាមួយសហគមន៍ នៃទិវាផ្តល់ថ្នាំបង្ការតាមមូលដ្ឋាន/សហគមន៍៕ អត្ថបទ ៖ ហុង វាស្នា



