ស្រីលង្កា៖ ការតវ៉ាបានផ្ទុះឡើងនៅក្នុងរដ្ឋធានីកូឡុំបូរបស់ប្រទេសស្រីលង្កាកាលពីថ្ងៃពុធភ្លាមៗ បន្ទាប់ពីសមាជិកសភាបានជ្រើសរើសនាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទីលោក Ranil Wickremesinghe ជាប្រធានាធិបតីថ្មី។

លោកទទួលបានសំឡេងគាំទ្រ 134សំឡេងនៅក្នុងសមាជិកសភាទាំងអស់ដែលមានចំនួន 225 ក្នុងសភាពស្រីលង្កា។ ការតវ៉ាប្រឆាំងរដ្ឋាភិបាលបានវិលត្រឡប់ទៅតវ៉ានៅតាមដងផ្លូវនានានៃរដ្ឋធានីរបស់ស្រីលង្កា និងបាននិយាយថា ពួកគេនឹងបន្តការតវ៉ារយៈពេលជាច្រើនសប្ដាហ៍។ មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅតំបន់ GotaGoGama ក្នុងរដ្ឋធានី Colombo កាលពីថ្ងៃពុធ ជាទីដែលពួកគេបានអបអរសាទរការលាលែងពីតំណែង ជាប្រធានាធិបតីរបស់លោក Gotabaya Rajapaksa។ មេដឹកនាំការតវ៉ាបានប្តេជ្ញាថានឹងមិនទទួលយកលោក Wickremesinghe ជាប្រធានាធិបតីឡើយ ដោយបានច្រានចោលថា លោកជាសម្ព័ន្ធមិត្តជិតស្និទ្ធពេករបស់អតីតប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញលោក Gotabaya Rajapaksa ដែលត្រូវបានស្តីបន្ទោសចំពោះវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលកំពុងគ្របដណ្តប់ប្រទេសស្រីលង្កា។

លោក Wickremesinghe ជំនួសតំណែងលោក Gotabaya Rajapaksa ជាសម្ព័ន្ធមិត្តនយោបាយដែលបានភៀសខ្លួនចេញពីប្រទេសកាលពីសប្តាហ៍មុន មុនពេលលាលែងពីតំណែងជាផ្លូវការចំពោះមុខការតវ៉ាទូទាំងប្រទេស ជុំវិញវិបត្តិសេដ្ឋកិច្ចរយៈពេលជាច្រើនខែ ដែលបានធ្វើឱ្យប្រជាជនស្រីលង្កាជាច្រើនជួបការលំបាកក្នុងការស្វែងរក ឬទិញសម្ភារៈចាំបាច់ជាមូលដ្ឋានដូចជាអាហារ និងប្រេងឥន្ធនៈ។ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យប្រធានាធិបតី ក្នុងទីក្រុងកូឡុំបូកាលពីរសៀលថ្ងៃពុធដោយស្រែកពាក្យបដិសេធថា "ចេញទៅ Ranil ចេញទៅ!"។
លោក Wickremesinghe ដែលត្រូវបានជ្រើសរើសដោយសមាជិកសភា នៅក្នុងដំណើរការមួយដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសស្រីលង្កា ទទួលរយៈពេលដែលនៅសល់នៃអាណត្តិរបស់ប្រធានាធិបតី Rajapaksa រហូតដល់ឆ្នាំ២០២៤។ លោកបានធ្វើជានាយករដ្ឋមន្ត្រីចំនួន 6ដង ប៉ុន្តែមិនដែលធ្វើជាប្រធានាធិបតីឡើយ៕
អត្ថបទ៖ សុខមាន