ស៊ីហ្គេម៖ ទីភ្នាក់ងារប្រឆាំងដូប៉ាកម្ពុជាបានសហការ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមេ្តចពិជ័យសេនា ទៀ បាញ់ រៀបចំសិក្ខាសាលាស្ដីពី “ការបំប៉នសមត្ថភាពមន្ត្រីត្រួតពិនិត្យ ដូប៉ា" ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីជំនាញត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
លោក អ៊ិត ឡេង ប្រធានទីភ្នាក់ងារប្រឆាំងដូប៉ាកម្ពុជាបានបញ្ជាក់ថា សិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ដោយមានសិក្ខាសាកាមជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចពិជ័យសេនាចំនួន ៧០នាក់ សម្រាប់វគ្គទី១ ខណៈនឹងមានសិក្ខាកាម ៧០នាក់ទៀតចូលរួមវគ្គទី២ នាពេលឆាប់ៗខាងមុខ។ លោកបានបញ្ជាក់ថា វគ្គនេះពិតជាមានសារៈសំខាន់ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីជំនាញ ពិសេសមន្ដ្រីត្រួតពិនិត្យសារធាតុហាមឃាត់ក្នុងវិស័យកីឡា ឬដូប៉ាឲ្យមានភាពច្បាស់លាស់ ដើម្បីចូលបម្រើការងារក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងការយកសំណាកអត្តពលិករាប់ពាន់នាក់ ដែលនឹងមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំក្រោយ។
សម្រាប់ពិធីបើកសិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ចំពោះគ្រូឧទ្ទេសប្រចាំវគ្គនេះគឺមានលោក ព្រំ វណ្ណារឿន អ្នកស្រី លឿង សុផាណារ៉េត និងលោក អន វីរវុឌ្ឍន៍ ដែលនឹងត្រូវសិក្សាលម្អិតអំពីទិដ្ឋភាពទូទៅនៃដូប៉ា របៀបធ្វើតេស្ដ និងការកំណត់យកសំណាកអត្តពលិកជាដើម៕
អត្ថបទ៖ លី ឈុនឡា