UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារទី៣០ ខែមីនាបានជួបពិភាក្សាគ្នា អំពីការបាញ់សាកល្បងមីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង ប៉ុន្តែមិនបានចាត់វិធានការភ្លាមៗណាមួយទេ ទោះបីសហរដ្ឋអាមេរិកនិយាយថា ស្ថាប័នពិភពលោកមួយនេះកំពុងពិចារណាលើវិធានការណ៍ថ្មីក៏ដោយ។
មិនមានសេចក្ដីថ្លែងការណ៍ណាមួយចេញពីក្រុមប្រឹក្សាសន្តិសុខ ឬពីបណ្ដាប្រទេសនៅអឺរ៉ុប បន្ទាប់ពីការប្រជុំបិទទ្វាររយៈពេលកន្លះម៉ោង ដែលផ្ទុយពីមួយឆ្នាំមុននៅពេលដែលប្រទេសក្នុងតំបន់អឺរ៉ុបចំនួន ៥ បានថ្កោលទោសការបាញ់សាកល្បងមុនៗថា ជាការបង្កហេតុ។ ប្រទេសកូរ៉េខាងជើងបានទាត់ចោលកិច្ចប្រជុំ ដែលត្រូវបានស្នើឡើងដោយចក្រភពអង់គ្លេស អេស្តូនី បារាំង អៀរឡង់ និងន័រវែស។
កាលពីសប្ដាហ៍មុន ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធចំនួន ២គ្រាប់ត្រូវបានវាយតម្លៃដោយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតជាមីស៊ីលអន្តរទ្វីបរយៈចម្ងាយខ្លី ដែលត្រូវបានហាមឃាត់ក្រោមសេចក្តីសម្រេចនានា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
អត្ថបទ៖ សុខមាន