ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd កំពុងចុះមកសិក្សាពីមូលដ្ឋានសំណង់ និងបច្ចេកទេសរក្សាទុកវ៉ាក់សាំង និងវេចខ្ចប់វ៉ាក់សាំង នៅព្រះរាជាណាចក្រកម្ពុជា។
ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ប្រាប់BTV ព័ត៌មាន យ៉ាងដូច្នេះនាឱកាសដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២២នេះ។
ឯកឧត្តមរដ្ឋមន្រី្ត បានលើកឡើងទៀតថា ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd កំពុងចុះមកសិក្សាលើទីតាំងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងដោយអនុលោមទៅតាមនិយាមរបស់សាធារណរដ្ឋប្រជាមានិតចិន។
សូមរំលឹកផងដែរថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ក្រោមវត្តមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយឯកឧត្តម Wang Wentian (វ៉ាង វិនធាន) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ្នកឧកញ៉ា ជឹង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា និងលោក Gao Qiangអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន(កៅ ជាំង) Sinovac Life SciencesCo.,Ltd។
ដោយឡែកឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា គម្រោងវេចខ្ចប់ដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងវីរុសបំលែងថ្មីផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីសហគ្រាសឱសថកម្ពុជា រយៈពេល០៣ឆ្នាំ (ឆ្នាំ២០២៤-២០២៦) សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងប្រទេសផងដែរ៕ អត្ថបទ៖ រដ្ឋា


