បាល់ទាត់៖ ក្រុមសេះបង្កង់ Juventus បានសំរេចក្នុងការនាំយកខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Gleison Bremer ពីក្លិបរួមទីក្រុង Turin, Torino ក្នុងតម្លៃ ៤១លានអឺរ៉ូ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៥ ឆ្នាំជាមួយ Juventus និងចូលមកជំនួសតំណែងខ្សែការពារហូឡង់ Matthijs de Ligt ដែលចាកចេញទៅកាន់ Bayern Munich ក្នុងតម្លៃ ៦៥.៥ លានអឺរ៉ូថ្មីៗនេះ។

Gleison Bremer ជាសមាជិករបស់ Torino តាំងពីឆ្នាំ ២០១៨ ដោយផ្ទេរពីក្លិបប្រេស៊ីល Atletico Mineiro និងបានបង្ហាញខ្លួនតាំងពីឆ្នាំ ២០១៨ មកដល់ពេលនេះបាន ១១០ ប្រកួតនៅ Torino។ រដូវកាលមុន Bremer ចាប់ផ្តើម ១១ នាក់ដំបូង ៣៣ លើកក្នុងចំណោម ៣៨ ប្រកួតក្នុងលីគ និងត្រូវបានជ្រើសរើសក្នុងចំណោមខ្សែការពារឆ្នើមបំផុតប្រចាំរដូវកាលនៃក្របខណ្ឌអ៊ីតាលី Serie A ផងដែរ។ Juventus ត្រូវមានការប្រកួតមិត្តភាពមួយទល់នឹង Guadalajara នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មុនពេលជួប Barcelona នៅថ្ងៃទី ២៧ ខែកក្កដា និងជួប Real Madrid ថ្ងៃទី ៣១ ខែកក្កដាដដែល ជួបជាមួយ Ateltico Madrid ថ្ងៃទី ៨ ខែសីហា មុនពេលបើករដូវកាលថ្មីនៅថ្ងៃទី ១៦ ខែសីហាជួបជាមួយ Sassuolo៕
អត្ថបទ៖នាង សុភាវុធ