សហរដ្ឋអាមេរិក៖ ប្រធានទីភ្នាក់ងារចារកម្មអាមេរិក CIA បាននិយាយថា គ្មានការស៊ើបការណ៍ណាមួយដែលបង្ហាញថា លោក Vladimir Putin មានស្ថានភាពមិនស្ថិតស្ថេរ ឬមានសុខភាពមិនល្អនោះទេ។ មានការរំពឹងទុករបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមិនអាចបញ្ជាក់បានកាន់តែច្រើនឡើងដែលថា លោក Putin វ័យ ៧០ឆ្នាំនៅឆ្នាំនេះអាចនឹងមានសុខភាពមិនល្អ អាចជាជំងឺមហារីក។
ប៉ុន្តែលោក Williams Burns បាននិយាយថា មិនមានភស្តុតាងណាមួយបង្ហាញពីរឿងនេះទេ ដោយនិយាយលេងថា លោកទំនងជា "មានសុខភាពល្អពេកទេដឹង"។ ការអត្ថាធិប្បាយរបស់លោកបានកើតឡើង ស្របពេលដែលសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងផ្តល់ឱ្យអ៊ុយក្រែននូវអាវុធរយៈចម្ងាយឆ្ងាយបន្ថែមទៀត។ កាលពីថ្ងពុធសប្ដាហ៍នេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា ការដាក់គោលដៅរបស់យោធារុស្ស៊ីនៅអ៊ុយក្រែន លែងមានកំណត់ត្រឹមតែនៅតំបន់ខាងកើតទៀតហើយ ដោយបង្កប់ន័យថា យុទ្ធសាស្ត្ររបស់ទីក្រុង Moscow បានផ្លាស់ប្តូរ បន្ទាប់ពីលោកខាងលិចបានផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនជាបន្តបន្ទាប់។
លោក Lavrov ក៏បានព្រមានលោកខាងលិចផងដែរថា រុស្ស៊ីនឹងពង្រីកគោលបំណងរបស់ខ្លួនបន្ថែមទៀត ប្រសិនបើសម្ព័ន្ធយោធាណាតូបន្តផ្គត់ផ្គង់សព្វាវុធរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន។ លោកខាងលិចបានបញ្ជូនគ្រឿងសព្វាវុធតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែនរួចហើយ។ ក្រុង Kyiv បាននិយាយថា អាវុធទាំងនោះបានផ្ដល់ក្ដីសង្ឃឹមនៅសមរភូមិ ខណៈជំរុញឱ្យបញ្ជូនគ្រឿងយុទ្ធោបករណ៍ពីលោកខាងលិចបន្ថែមទៀត៕
អត្ថបទ៖ សុខមាន