ភ្នំពេញ៖ អ្នកជំនាញអាជីវកម្មមាសថា តម្លៃហាងឆេងមាសនឹងធ្លាក់ចុះបន្ថែមទៀត ដោយសារធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងបន្តឡើងថ្លៃអត្រាការប្រាក់ដុល្លារ ចំណែកចំពោះអតិថិជន និងអាជីករដែលវិនិយោគនៅលើតម្លៃហាងឆេងមាស គួររង់ចាំក្នុងរយៈពេលខ្លីខាងមុខនេះ ។
លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ នេះថា បច្ចុប្បន្នកំពុងមានការប្រែប្រួល ដោយសារពាក់ព័ន្ធនឹងតម្រូវការរបស់ហាងឆេងមាសផ្ទាល់ និងកត្តាមួយទៀត ពាក់ព័ន្ធនឹងបម្រែបម្រួលតម្លៃលុយដុល្លារសហរដ្ឋអាមេរិក ព្រោះតម្លៃហាងឆេងមាស គឺធ្វើការប្តូរផ្លាស់ជាមួយលុយដុល្លារសហរដ្ឋអាមេរិក។
ជាក់ស្តែងនាប៉ុន្មានខែចុងក្រោយនេះ តម្លៃហាងឆេងមាសបានហក់ឡើងដល់ ២ ០៧០ ដុល្លារក្នុងមួយអោន ហើយក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះវិញ តម្លៃហាងឆេងមាសបន្តធ្លាក់ដល់ ១ ៧០០ ដុល្លារ ក្នុងមួយអោន ដែលការធ្លាក់ចុះ ដោយសារតែតម្លៃហាងឆេងមាសបានចាប់ផ្តើមបាត់បង់តម្រូវការដោយសារបច្ចុប្បន្នធនាគារកណ្តាលនៃសហរដ្ឋអាមេរិក កំពុងរៀបចំគោលនយោបាយក្នុងការដំឡើងអត្រាប្រាក់ ដើម្បីឲ្យប្រាក់ដុល្លាឡើងថ្លៃ។
សូមបញ្ជាក់ថា ជុំវិញការនាំចូលមាសនេះ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចូលមាស មានតម្លៃ ១ ២៨១ លានដុល្លារអាមេរិក ថយចុះជាង ៤៧% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២១។ នៅក្នុងរយៈពេលនេះដែរ កម្ពុជាក៏បាននាំចេញមាស មានទំហំទឹកប្រាក់ប្រមានជាង ៨៤លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី