សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានប្តេជ្ញាផ្តល់ជំនួយប្រព័ន្ធរ៉ុក្កែត គ្រាប់រំសេវ និងជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ខណៈប្រមុខការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា ពួកគេមើលឃើញសង្គ្រាមដើម្បីរារាំងជ័យជំនះរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតដែលកំពុងប្រយុទ្ធគ្នា។
ថ្លែងនៅក្នុងការបិទកិច្ចប្រជុំតាមបណ្តាញអ៊ីនធឺណិត ជាមួយប្រមុខដឹកនាំការពារជាតិប្រមាណ 50នាក់មកពីជុំវិញពិភពលោក រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា វានឹងជាការងារលំបាកដើម្បីរក្សាសម្ព័ន្ធមិត្ត និងដៃគូទាំងអស់ឲ្យនៅប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមនេះ ខណៈដែលបានអូសបន្លាយពេលជាច្រើនខែជាបន្តបន្ទាប់។ លោក Austin បាននិយាយថា យើងកំពុងជំរុញយ៉ាងខ្លាំងក្នុងការរក្សាឲ្យបាន និងបង្កើនសន្ទុះនៃការផ្តល់ជំនួយ។ ក្រុមមន្ត្រីមានការស្ទាក់ស្ទើរក្នុងការនិយាយថា តើសង្គ្រាមអាចមានរយៈពេលយូរប៉ុណ្ណា ប៉ុន្តែឧត្តមសេនីយ៍លោក Mark Milley ប្រធាននាយសេនាធិការចម្រុះបាននិយាយថា វាអាចជារយៈពេលវែង ខណៈការប្រយុទ្ធគ្នាខ្លាំងបំផុតកំពុងកើតឡើងនៅតំបន់ Donbas។
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តសមត្ថភាពខ្ពស់ (HIMARS) ដល់ប្រទេសអ៊ុយក្រែនចំនួន ៤គ្រឿង និងរ៉ុក្កែតស៊ីបគោលដៅសម្រាប់ពួកគេ ក៏ដូចជាកាំភ្លើងធំបន្ថែម ទៀត។ ជំនួយនេះធ្វើឡើង ខណៈកងកម្លាំងរុស្ស៊ីព្យាយាមពង្រឹងការដណ្តើមយកខេត្តចំនួនពីរនៅក្នុងតំបន់ Donbas ភាគខាងកើតរបស់អ៊ុយក្រែនគឺ Donetsk និង Luhansk ក្នុងពេលដែលកំពុងបន្ថែមការវាយប្រហារទៅកាន់តំបន់ផ្សេងទៀត។ កងទ័ពអ៊ុយក្រែនបាននឹងកំពុងប្រើប្រាស់ប្រព័ន្ធអាវុធ HIMARS ដើម្បីវាយប្រហារលើការដឹកជញ្ជូន និងមជ្ឈមណ្ឌលទីបញ្ញាការរបស់រុស្ស៊ីដើម្បីកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់។ ហើយកាលពីថ្ងៃពុធពួកគេបានវាយប្រហារ និងបំផ្លាញស្ពានដែលជាមធ្យោបាយសម្រាប់ការផ្គត់ផ្គង់កងទ័ពរុស្ស៊ី នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន