ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសថៃ បានចុះអនុស្សារណៈយោគយល់ដើម្បីបង្កើនចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យភស្តុភារកម្ម និងគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។
អនុស្សារណៈយោគយល់ ត្រូវបានចុះហត្ថលេខារវាង គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការ កុយ សុដានី និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រថៃ កាលពីថ្មីៗនេះ នៅទីក្រុងបាងកក។
យោងតាមក្រសួងសាធារណការ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ ធ្វើឡើងដោយការស្ម័គ្រចិត្តសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកគោលនយោបាយ និងការគាំទ្រលើវិសាលភាព និង កម្រិតក្របខណ្ឌគោលនយោបាយរួមមានគោលនយោបាយភស្តុភារកម្ម ក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ ក្របខណ្ឌស្ថាប័ន យន្តការសម្របសម្រួល និងការសម្រេចចិត្តដំណើរការនៃការអនុវត្ត តាមដាន និងវាយតម្លៃគោលនយោបាយ។
តាមរយៈអនុស្សារណៈនេះ ភាគីទាំងពីរ មានគោលបំណងសម្តៅ សូចនាករ និងប្រព័ន្ធផ្ទុកទិន្នន័យភស្តុភារកម្ម រួមមានថ្លៃចំណាយភស្តុភារកម្មធៀបនឹងកំណើនផលិតផលក្នុងស្រុកសរុប និងសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម និងគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។
ថ្លែងក្នុងជំនួបនោះ លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនភាគីថៃអំពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការតាក់តែងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនៅកម្ពុជា។
លោកជំទាវ បានបញ្ជាក់ថា ផែនការមេនេះ មានបញ្ចូលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់ ដែលរួមមានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ដែលត្រូវការទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លាសហរដ្ឋអាមេរិកសម្រាប់រយៈពេល១០ឆ្នាំ៕ អត្ថបទ៖ វណ្ណៈ
