បាត់ដំបង៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចអនុញ្ញាតឱ្យធនាគារចំនួនពីរគឺធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB បើកប្រតិបត្តិការកិច្ចការទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តទំនប់អាងកំពីងពួយដើម្បីធានាឲ្យអាងទឹកមួយនេះ សម្រេចបាននូវសុវត្ថិភាពទឹកលើពហុវិស័យវេចខ្ជប់ទឹកទុកបានច្រើនជាងចំនួន ១២០ លានម៉ែត្រគូប ។
ការធ្វើទំនើបកម្មទំនប់អាងកំពីងពួយសំដៅធានាឱ្យបានការទប់ទល់នឹងបម្រែបម្រួលលអាកាសធាតុ ជំនន់ទឹកភ្លៀងមកតំបន់អូរដូនតា តំបន់ប៉ៃលិន និងពីគ្រប់ច្រកនៃតំបន់ព្រំដែនបានដល់ចំនួន ៣០០ ម៉ែត្រគូបក្នុងមួយនាទី។
ការគិតគូរមួយទៀតដ៏សំខាន់ក្នុងបណ្តាបេសកកម្មដ៏ច្រើនរបស់ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយមនោះគឺប្រព័ន្ធធារាសាស្រ្តទំនប់អាងកំពីងពួយត្រូវតែធ្វើការស្រោចស្រពឲ្យបានច្រើនដងក្នុងមួយឆ្នាំៗ លើវាលស្រែតេជោសែន។
ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM ដែលជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ សហការីជាតិ អន្តរជាតិ និងមន្រ្តីបច្ចេកទេសមកពីគ្រប់អង្គភាពចំណុះឱ្យក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញធ្វើការដឹកនាំក្រុមបេសកកម្មរបស់ ADB ដែលបានអញ្ជើញមកពីស្នាក់ការកណ្តាលនៃស្ថានតំណាងរបស់ ADB ប្រចាំទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ចុះធ្វើការត្រួតពិនិត្យលើវឌ្ឍនភាពនៃការដ្ឋានទំនប់អាងកំពីងពួយក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ៕












