កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ មន្ទីរធនធានទឹកបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្រោមអាងទឹកអន្លង់ជ្រៃ និងបងប្អូនរស់នៅតាមដងស្ទឹងក្រាំងពន្លៃ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អោយមានការប្រុងប្រយ័ត្នចំពោះកូនចៅ សត្វចិញ្ចឹម ព្រោះខាងមន្ទីរបានសម្រេចបើកទ្វាទឹកអាងអន្លង់ជ្រៃទំលាក់ទឹកខ្លះចុះក្រោមខ្លះ ក្រោយពិនិត្យឃើញស្ថានភាពទឹកក្នុងអាងពេញ ដោយសារភ្លៀងនៅតំបន់ជួរភ្នំឱរ៉ាល់នៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដោយពិនិត្យឃើញកម្រឹតទឹកនៅក្នុងអាងអន្លង់ជ្រៃ ស្ថិតក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ បានឡើងពេញប្រៀប និងជៀសវាងការបាក់ទំនប់អាងដោយយថាហេតុ មន្ទីរធនធានទឹកខេត្តបានសម្រេចបើកទ្វាទឹក បង្ហូរទឹកចេញពីអាងទឹកអន្លង់ជ្រៃ អោយហូរតាមស្ទឹងក្រាំងពន្លៃធ្លាក់ទៅក្រោមខ្លះ។
ការបើកទ្វាអាងទឹកអន្លង់ជ្រៃនៅថ្ងៃនេះ អាចធ្វើអោយប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមានទីលំនៅតាមដងស្ទឹងក្រាំងពន្លៃ ជាពិសេស សុំអោយបងប្អូនប្រុងប្រយ័ត្នចំពោះការឆ្លងស្ទឹងទៅមក កុំបណ្តែតបណ្តោយអោយកូនចៅតូចៗលេងទឹកស្ទឹង និងការពារសត្វចិញ្ចឹមរបស់ខ្លួនផង។ ចំពោះចំណុចស្ពានក្រាំងពន្លៃ ព្រំប្រទល់ស្រុកឧត្តុង្គ និងខេត្តកំពង់ឆ្នាំង អាចប្រឈមនឹងការជន់លិចតំបន់ខ្លះដូចរាល់ឆ្នាំ។
លោក បានបន្តថា យោងតាមរបាយការណ៍រដ្ឋបាលឃុំឈានឡើង ឃុំស្វាយ ឃុំត្បែងខ្ពស់ និងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានភាពទឹកនៅក្នុងឃុំឈានឡើង គឺ ទំនប់អាងទឹកអន្លង់ជ្រៃ មានសភាពឡើងខ្លាំង គិតត្រឹមម៉ោង១០:០០នាទី ដោយកម្រិតទឹកបានឡើងដល់កម្ពស់ ៣,៤០ម៉ែត្រ នៅសល់តែ១តឹកទៀតប៉ុណ្ណោះនឹងដល់ចំណុចប្រកាសអាសន្ន។ក្រុមការងារបានបើកទ្វាទឹកចំនួន៥ទ្វារ នៅសល់តែ១ទេ ប៉ុន្តែទឹកនៅតែមានសភាពឡើងបន្ថែមទៀតដដែល។ ដោយសារតែមានភ្លៀងធ្លាក់ច្រើនកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានបណ្ដាលឲ្យទឹកឡើងច្រើនហូរកាត់តាមលូមិនទាន់ ហើយជំនន់ទឹកភ្លៀងនេះបានហូរលើផ្លូវប្រវែង៣០ម៉ែត្រ ស្ថិតនៅភូមិក្រាំងសំរោង។
ដោយឡែកនៅក្នុងឃុំស្វាយ ស្ថានភាពទឹកស្ទឹងក្រាំងពន្លៃនៅផ្លូវជាតិលេខប្រាំ ចំណុចគីឡូម៉ែត្រលេខ៣៩ នៅកំពស់០,៣០ម៉ែត្រទៀត នឹងហៀរលើផ្លូវជាតិលេខ៥។ រីឯនៅចំណុចឃុំត្បែងខ្ពស់ ជំនន់ទឹកភ្លៀងបានហូរកាត់លើថ្នល់ក្នុងភូមិរ៉ា មានប្រវែង១៦០ម៉ែត្រ និងភូមិរលាំងមានប្រវែង២០០ម៉ែត្រ។ ចំពោះឃុំស្វាយជុក ស្ថានភាពទឹកនៅទំនប់តាវ៉ាយ ទឹកបានហក់ឡើងខ្ពស់ខ្លាំងហៀរត្រចៀកទំនប់ខាងត្បូង ទ្វារទឹកធំត្រូវបើកចំនួន១ទ្វារផងដែរ៕ ហុង វាស្នា