ស៊ីរី៖ កងទ័ពស៊ីរីបានបន្ថែមវត្តមានកងកម្លាំងរបស់ខ្លួននៅទីក្រុង Kobani និង Ain Issa ភាគខាងជើងប្រទេស ក្នុងការសម្របសម្រួលជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បន្ទាប់ពីការគំរាមកំហែងរបស់ប្រទេសទួរគីអំពីការវាយលុកចូលទៅក្នុងតំបន់ទាំងនេះ។

ប្រទេសទួរគីបានសន្យាថា នឹងចាប់ផ្តើមប្រតិបត្តិការថ្មីមួយនៅភាគខាងជើងប្រទេសស៊ីរី ដើម្បីបង្កើតការការពារក្នុងចម្ងាយ 30គីឡូម៉ែត្រតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ និងរុញច្រានក្រុមអ្នកប្រយុទ្ធឃឺដ។ ក្រសួងការបរទេសស៊ីរីបានព្រមានម្តងហើយម្តងទៀត ដល់ទីក្រុងអង់ការ៉ាប្រឆាំងការវាយលុកថ្មី។ អ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនបាននិយាយថា នឹងព្យាយាមសម្របសម្រួលដំណោះស្រាយផ្នែកការទូតរវាងស៊ីរី និងទួរគី ហើយកាលពីថ្ងៃអង្គារអ៊ីរ៉ង់បានរៀបចំទទួលជំនួបកំពូលត្រីភាគីជាមួយប្រធានាធិបតីទួរគី Tayyip Erdogan និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ ប៉ុន្តែលោក Erdogan បាននិយាយថា ការវាយលុករបស់ទួរគីនឹងនៅតែមាននៅលើតុ រហូតដល់ក្តីបារម្ភសន្តិសុខរបស់ខ្លួនទាក់ទងនឹងក្រុមប្រដាប់អាវុធឃឺដនៅតាមព្រំដែន ដែលខ្លួនចាត់ទុកថាជាភេរវករត្រូវបានដោះស្រាយ។
ការគំរាមកំហែងទាំងនេះ ហាក់ដូចជាបានជំរុញឱ្យមានការសម្របសម្រួលបន្ថែមទៀត រវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) និងកងទ័ពស៊ីរី ដោយកងទ័ពដែលស្ម័គ្រស្មោះនឹងទីក្រុងដាម៉ាស់បានបន្ថែមវត្តមានរបស់ពួកគេ នៅក្នុងតំបន់ដែលមានវត្តមានក្រុមអ្នកប្រយុទ្ធឃឺដនៅទីនោះ។ មេបញ្ជាការកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) លោក Mazlum Abdi បានប្រាប់សារព័ត៌មាន Reuters ថា លោកសង្ឃឹមថា យោធាស៊ីរីនឹងប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនប្រឆាំងយន្តហោះចម្បាំងទួរគី ក្នុងករណីមានការវាយប្រហារតាមអាកាសលើកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)៕
អត្ថបទ៖ ប៊ុនថន