បាល់ទាត់៖ ការប្រកួតបាល់ទាត់លីគកំពូលថៃរឺហៅថា Toyota Thai League 1 បានបិទបញ្ចប់រដូវកាល ២០២០/២០២១ ហើយដោយប្រកួតចុងក្រោយក្រុមជើងឯក BG Pathum ចាញ់នៅទឹកដី Muangthong United ហើយជើងឯករងបានទៅ Buriram United។
BG Pathum United បានដឹងថា ជាជើងឯកតាំងពី ៣សប្ដាហ៍មុនសប្តាហ៍ចុងក្រោយ និងបានប្រារព្ធពិធីលើកពានរួចរាល់ហើយដែរ។ Buriram United វិញក៏ដឹងខ្លួនជាជើងឯករងរួចហើយដែរ ហើយប្រកួតចុងក្រោយនៅតែបន្តឈ្នះ ២-០ លើក្រុមភ្ញៀវ Police Tero FC នៅកីឡដ្ឋាន Thunder Castle ដោយពីរគ្រាប់របស់ Maicon។ ជាមួយគ្នានោះដែរតំណែងលេខ៣ បានទៅ Port FC ក្រោយស្មើនៅទឹកដី Nakhon Ratchasima ២-២ ស្របពេលក្រុមលេខ៤ Chiangrai United យកឈ្នះ Samut Prakan City ២-១។
ចំណែកឯការប្រកួតរត់គេចពីតំបន់គ្រោះថ្នាក់រវាង Suphanburi និង Sukhothai បញ្ចប់ទៅដោយ Suphanburi យកឈ្នះ ១-០ រួចផុតពីការកាត់ចោល ឯ Sukhothai ត្រូវបានកាត់ចេញទៅលីគទី ២ រួមជាមួយនឹង Trat FC និង Rayong FC៕
អត្ថបទ៖នាង សុភាវុធ