បាល់ទាត់៖ ខ្សែការពារនីហ្សេរីយ៉ា Calvin Bassey បានចាកចេញពីក្លិបស្កុតឡេន Glasgow Rangers ផ្ទេរទៅកាន់ក្លិបហូឡង់ Ajax Amsterdam ក្នុងតម្លៃផ្ទេរ ២០ លានផោន។ ខ្សែការពារកណ្តាលវ័យ ២២ ឆ្នាំរូបនេះបានចុះហត្ថលេខា ៥ ឆ្នាំនៅទឹកដីហូឡង់ ខណៈតម្លៃផ្ទេរ ២០ លានផោននេះជាតម្លៃលក់ចេញថ្លៃបំផុតបំបែកកំណត់ត្រារបស់ Rangers។

Rangers ធ្លាប់លក់កីឡាករចេញមានតម្លៃខ្ពស់បំផុតត្រឹម ១១.៥ លានផោនប៉ុណ្ណោះគឺកីឡាករ Nathan Patterson ទៅកាន់ Everton ថ្មីៗនេះ។ Calvin Bassey ជាសមាជិកសំខាន់របស់ Rangers រដូវកាលកន្លងមក បន្ទាប់ពីផ្ទេរពី Leicester City កាលពីឆ្នាំ ២០២០។ Calvin Bassey បានបង្ហាញខ្លួន ១៥ ប្រកួតក្នុងរដូវកាលដំបូងរបស់ខ្លួនដែលជួយឱ្យ Rangers ឈ្នះជើងឯកលីគស្កុតឡេនលើកដំបូងក្នុងរយៈពេល ១ ទសវត្សរ៍ និងបង្ហាញខ្លួនបាន ៥០ លើករដូវកាលមុនជួយ Rangers ឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Europa League និងជាជើងឯក Scottish Cup៕
អត្ថបទ៖នាង សុភាវុធ