ភ្នំពេញ ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)បានដាក់លក់ជាផ្លូវការនូវភេសជ្ជៈប៉ូវកម្លាំងល្បីលំដាប់អន្តរជាតិ PREDATOR ENERGY នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា, ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
កិច្ចសហការប្រតិបត្តិការរវាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) និងក្រុមហ៊ុន Monster Beverage Corporation បានសម្រេចនាំយកនូវភេសជ្ជៈប៉ូវកម្លាំង PREDATOR ENERGY«ផ្តល់ភាពរីករាយដល់អ្នក ដើម្បីភាពរីកចម្រើនទៅមុខ»។ PREDATOR ENERGY ជាម៉ាកយីហោភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកដំបូងគេ ដែលមានវត្តមាននៅប្រទេសកម្ពុជា។ ផលិតផលនេះត្រូវបានផលិត និងមានវត្តមានជាលើកដំបូងកាលពីឆ្នាំ២០១៩ ដោយទទួលបានការគាំទ្រ និងពេញនិយមនៅទូទាំងពិភពលោក ដែលបច្ចុប្បន្នមាននៅជាង៧០ប្រទេស។ PREDATOR មានរសជាតិ Gold Strike ផ្តល់ថាមពល សាកសមបំផុតសម្រាប់ប្រជាជនកម្ពុជានិងអាចទទួលទានបានគ្រប់ពេលវេលា។ ទោះបីជាទីផ្សារនៃភេសជ្ជៈប៉ូវកម្លាំងនៅកម្ពុជាមានគូប្រកួតប្រជែងច្រើនយ៉ាងណាក៏ដោយ ក៏លក្ខណៈសម្បត្តិពិសេសរបស់ភេសជ្ជៈប៉ូវកម្លាំងPREDATOR ENERGYនឹងអាចដណ្តើមយកចំណែកទីផ្សារ និងទទួលបានការគ្រាំទ្រពីអ្នកញ៉ាំ ដោយសារគុណភាព និងលក្ខណៈពិសេសប្លែករបស់វាបូករួមជាមួយនឹងយុទ្ធសាស្ត្រពាណិជ្ជកម្ម និងទីផ្សាររបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)។
លោក David Wigglesworth អគ្គនាយកក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានលើកឡើងថា ក្រុមហ៊ុន បានផលិតភេសជ្ជៈគ្មានជាតិអាកុលជាច្រើនប្រភេទ ដែលទទួលបានការពេញនិយមពីសំណាក់ប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ និងបន្តរីកចម្រើនរហូតក្លាយជាក្រុមហ៊ុនឈានមុខមួយនៅកម្ពុជា។ PREDATOR ENERGY ជាម៉ាកផលិតផលផ្សារភ្ជាប់ជាមួយនឹងកីឡាបាល់ទាត់ពិភពលោកក្នុងនាមជាដៃគូរបស់ក្លឹបបាល់ទាត់Liverpool ដែលជាក្លឹបឈានមុខមួយនៅក្នុងក្របខណ្ឌបាល់ទាត់English Premier League។
ទន្ទឹមគ្នានោះដែរ លោក Xavier Codron នាយកផ្នែកលក់ប្រចាំភូមិភាគរបស់ក្រុមហ៊ុនភេសជ្ជៈ Monster Beverage Corporation មានប្រសាសន៍ថា យើងមានក្តីរំភើបរីករាយ និងមានកិត្តិយសជាខ្លាំងក្នុងការប្រកាសជាផ្លូវការនូវភេសជ្ជៈប៉ូវកម្លាំងថ្មីលំដាប់ពិភពលោក PREDATOR ENERGY ផ្តល់ជូនដល់អតិថិជន និងអ្នកញ៉ាំនៅកម្ពុជា ក្នុងតម្លៃសមរម្យ។ ភេសជ្ជៈថ្មីនេះ នឹងជួយបង្កើនកម្លាំង បង្កើនការផ្តោតអារម្មណ៍បានល្អ និងផ្តល់ថាមពលបានយូរពេញមួយថ្ងៃ។ PREDATOR ENERGY «ផ្តល់ភាពរីករាយដល់អ្នកដើម្បីភាពរីកចម្រើនទៅមុខ»៕ អត្ថបទ ៖ រដ្ឋា





