រុស្ស៊ី៖ រុស្ស៊ីទំនងជាពង្រីកមហិច្ឆតាទឹកដីរបស់ខ្លួននៅក្នុងសប្តាហ៍ទី21 នៃសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន ខណៈបានបន្តការវាយលុកនៅក្នុងតំបន់ Donetsk ភាគខាងកើត និងទទួលបានការគាំទ្រពីអន្តរជាតិដ៏កម្រមួយចំនួន នូវអ្វីដែលខ្លួនហៅថាជាប្រតិបត្តិការសឹកពិសេស។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Ria Novosti កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ប្រទេសរុស្ស៊ីបានពង្រីកហួសពីគោលដៅផ្លូវការរបស់ខ្លួន ក្នុងការកាន់កាប់តំបន់ភាគខាងកើតទាំងពីរគឺ Luhansk និង Donetsk ដែលបង្កើតបានតំបន់ Donbas។ លោក Lavrov បាននិយាយថា វាមិនត្រឹមតែតំបន់ Luhansk និង Donetsk ទេគឺថែមទាំងតំបន់ Kherson និង Zapporizhzhia ព្រមទាំងទឹកដីផ្សេងទៀតផងដែរ។
បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដកខ្លួនចេញពីតំបន់ជុំវិញទីក្រុង Kyiv កាលពីថ្ងៃទី25 ខែមីនា លោក Lavrov បាននិយាយថា "ប្រតិបត្តិការសឹកពិសេស" នៅអ៊ុយក្រែនបានបញ្ចប់ ហើយរុស្ស៊ីនឹងផ្តោតលើតំបន់ភាគខាងកើតទាំងពីរ។ ប៉ុន្តែកងកម្លាំងរុស្ស៊ីបានបន្តកាន់កាប់ផ្នែកខ្លះនៃតំបន់ Kherson និង Zaporizhia នៅភាគខាងត្បូងអ៊ុយក្រែន ដែលពួកគេដណ្តើមបានតាំងពីការចាប់ផ្ដើមសង្គ្រាម និងជំរុញឲ្យតំបន់ទាំងនោះក្លាយជារុស្ស៊ីនិយម ស្របពេលមានការព្រួយបារម្ភថា ទីក្រុង Moscow កំពុងរៀបចំផែនការដាក់បញ្ចូលតំបន់ទាំងនោះជាឧបសម្ព័ន្ធរបស់ខ្លួន៕
អត្ថបទ៖ សុខមាន