បាល់ទះ៖ កីឡាករ អ៊ូ ផល្លា ប្រធានក្រុមកីឡាបាល់ទះជនពិការជម្រើសជាតិកម្ពុជាបានបង្ហាញភាពជឿជាក់ថា ក្រុមរបស់ខ្លួននឹងអាចដណ្ដើមបានមេដាយណាមួយ ក្នុងបេសកកម្មប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីនាពេលខាងមុខ។
កីឡាករមានដើមកំណើតពីខេត្តកំពង់ឆ្នាំងរូបនេះលើកឡើងថា ទោះបីខកខានចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០១៩ ដោយសារម្ចាស់ផ្ទះហ្វីលីពីនបានលុបចោលព្រោះវិបត្តិកូវីដ-១៩ យ៉ាងណា តែក្រុមខ្លួនបានប្រមូលផ្ដុំ និងខិតខំប្រឹងប្រែងហ្វឹកហាត់រហូតមក ហើយបច្ចុប្បន្នមានសមាជិកថ្មីៗដែលនៅវ័យក្មេង មានកម្លាំង និងបច្ចេកទេសល្អ ។ ហេតុនេះខ្លួនរំពឹងថា អាស៊ានប៉ារ៉ាហ្គេមឆ្នាំនេះ ក្រុមបាល់ទះជនពិការកម្ពុជានឹងអាចស្វែងរកបានមេដាយណាមួយ ក្នុងព្រឹត្តិការណ៍នេះ។ គួរដឹងថា កីឡាបាល់ទះជនពិការគឺជាប្រភេទកីឡាមួយក្នុងចំណោម ១១ប្រភេទកីឡាដែលកម្ពុជាត្រូវបញ្ជូនទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឬកីឡាជនពិការប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី៣០ ខែកក្កដារហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ខាងមុខ ដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ១៦៦នាក់។
តាមគម្រោងប្រតិភូ និងកីឡាករ-កីឡាការិនីជនពិការកម្ពុជានឹងត្រូវចាកចេញពីមាតុភូមិនាថ្ងៃទី២៦ ខែកក្កដាខាងមុខនេះ តាមរយៈយន្ដហោះពិសេសដែលអនុញ្ញាតឲ្យរៀបចំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំផ្ទាល់ដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា