បន្ទាយមានជ័យ៖ គិតរហូតមកដល់ពេលនេះ កងកម្លាំងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតំបន់អាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានសម្រេចបានជាង ៨០ភាគរយហើយ។
បើតាមលោក ចាន់ ដារ៉ុម អនុប្រធានកងឯកភាពកំចាត់មីនទទួលបន្ទុកប្រតិបត្តិការ នៅទីវាលនៃតំបន់អាងត្រពាំងថ្មបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ដោយកម្លាំងស៊ីម៉ាក់បោសសំអាតមីនបានដល់ទៅ ៨២ភាគរយស្មើនឹង ២០ហិកតា នៅសល់តែ ៥ហិកតាទៀត ដោយកម្លាំងស៊ីម៉ាក់កំពុងខិតខំបន្តដោះឲ្យរួចរាល់តាមផែនការ។ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់មានប្រសាសន៍ថា ការងារបោសសំអាតមីននៅតំបន់អាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារនេះប្រើពេលវេលាត្រឹម ១ខែប៉ុណ្ណោះ ហើយផ្ទៃដីដែលត្រូវបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មានចម្ការមីនចំនួន៨ ស្មើនឹង ២៥ហិកតា ដោយប្រើប្រាសកម្លាំងស៊ីម៉ាក់ជាង ៥០នាក់ចែកចេញជា ២ក្រុមដែលប្រើប្រាស់ធនធានថវិកាមានស្រាប់ រួមទាំងប្រើកម្លាំងគ្រឿងចក្រ កម្លាំងសុនខ និងកម្លាំងបច្ចេកទេសតាមការចាំបាច់។
ក្នុងឱកាសអញ្ជើញអបអរទិវាមច្ឆជាតិនៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរមីនសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បោសសំអាតមីននៅតំបន់អាងត្រពាំងថ្ម ហើយប្រកាសថា គ្មានមីននៅចុងឆ្នាំនេះ សម្រាប់ឃុំប៉ោយចារត្រូវធ្វើឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានអំពាវនាវពលរដ្ឋ និងសប្បុរសជននានា ចូលរួមក្នុងការងារបោសសំអាតមីននៅកម្ពុជា ដើម្បីឲ្យសម្រេចតាមផែនការកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ដែលនឹងធ្វើឲ្យផ្ទៃដីមានសុវត្ថិភាពនៅទូទាំងប្រទេស ខណៈសកម្មភាពចូលរួមបរិច្ចាគថវិកានេះ កំពុងដំណើរការយ៉ាងផុសផុលពីសំណាក់ពលរដ្ឋខ្មែរនៅក្នុងប្រទេស និងក្រៅប្រទេស រួមទាំងខាងផ្នែកអន្តរជាតិផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ



