ហែលទឹក៖ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញសុទិដ្ឋិនិយមចំពោះវិញ្ញាសាថ្មី Finswimming គឺជាក្ដីសង្ឃឹមមួយដ៏សំខាន់ក្នុងការប្រជែងមេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
ការលើកឡើងនេះ បន្ទាប់ពីលោកមើលឃើញសក្ដានុពលនៃធនធានកីឡាករ-កីឡាការិនីរបស់ខ្លួន ដ្បិតវិញ្ញាសាថ្មីនេះ ទើបបំបែកកំណត់ត្រាដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងសម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមកាលពីខែឧសភាកន្លងទៅ។ តាមការបញ្ជាក់របស់អគ្គលេខាធិការសហព័ន្ធដដែល ក្នុងនាមម្ចាស់ផ្ទះសហព័ន្ធខ្មែរកីឡាហែលទឹកគ្រោងដាក់វិញ្ញាសាធំៗចំនួន ៤ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ រួមមានកីឡាហែលទឹក, Finswimming, លោតទឹក និងបាល់ទឹក ឬ Water Polo។ លោកថា បច្ចុប្បន្នសហព័ន្ធកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ៕
អត្ថបទ៖ លី ឈុនឡា