បាល់ទាត់៖ អតីតខ្សែបម្រើប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United, Jesse Lingard ទីបំផុតរកទ្រនំថ្មីបានហើយគឺផ្លាស់ទៅកាន់ក្លិបឡើងថ្មី Nottingham Forest។ កីឡាករវ័យ ២៩ឆ្នាំរូបនេះបានក្លាយជាកីឡាករថ្មីទី១១ ដែលមកកាន់ Nottingham Forest ដែលឡើងមកកាន់ English Premier League ជាលើកដំបូងតាំងពីឆ្នាំ១៩៩៩។

Jesse Lingard បានចាកចេញពីក្រុមបិសាចក្រហម Manchester United ក្រោយចំណាយពេលជាង ២០ឆ្នាំតាំងពីវ័យកុមារភាពបន្ទាប់ពីផុតកិច្ចសន្យាកាលពីមិថុនាកន្លងទៅ។ Nottingham Forest មិនបានបង្ហាញលំអិតពីកិច្ចសន្យារបស់ Jesse Lingard ឡើយ។ មុនមកដល់ Forest, Lingard ត្រូវបាន West Ham ព្យាយាមទាក់ទងត្រលប់ទៅវិញដែរ បន្ទាប់ពីជោគជ័យក្នុងពេលជាកីឡាករខ្ចីជើងកាលពីរដូវកាល ២០២០-២១ ដោយរកបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ១៦ប្រកួតនៅ Premier League។ Jesse Lingard នឹងចូលរួមជាមួយមិត្តរួមក្រុមនៅ Manchester United ម្នាក់នៅ Forest គឺអ្នកចាំទី Dean Henderson៕
អត្ថបទ៖នាង សុភាវុធ