បាល់ទាត់៖ ខ្សែប្រយុទ្ធចំនូលថ្មីរបស់ Bayern Munich, Sadio Mane បានក្លាយជាម្ចាស់ពានជ័យលាភីកីឡាករបាល់ទាត់ឆ្នើមបំផុតប្រចាំទ្វីបអាហ្វ្រិកជាលើកទី២ ក្នុងអាជីព។ ខ្សែប្រយុទ្ធក្រុមជំរើសជាតិសេណេហ្កាល់រូបនេះ ត្រូវបានប្រកាសឈ្មោះជ័យលាភីនេះក្នុងពិធីប្រគល់ពាន ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកនៅរដ្ឋធានី Rabat ប្រទេសម៉ារ៉ុក។
Sadio Mane បានជួយក្រុមជំរើសជាតិសេណេហ្កាល់យកឈ្នះអេស៊ីបដោយបាល់ ១១ម៉ែត្រកាត់សេចក្តីលើកពានបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិកជាលើកដំបូងកាលពីដើមឆ្នាំ២០២២ នេះ។ Sadio Mane បានយកឈ្នះមិត្តរួមជាតិអ្នកចាំទី Chelsea, Edouard Mendy និងអតីតមិត្តរួមក្រុម Liverpool Mohamed Salah ក្នុងការបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំនេះ។
សេណេហ្កាល់បានឈ្នះពានសរុបដល់ទៅ ៥ ក្នុងការប្រគល់ពានជ័យលាភីឆ្នាំនេះដោយក្រៅពី Sadio Mane រួមមានលោក Aliou Cisse ឈ្នះពានគ្រូបង្វឹកឆ្នើម, កីឡាករ Pape Sarr ឈ្នះពានកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំឆ្នាំ ហើយកីឡាករសេណេហ្កាល់មួយរូបទៀត Pape Ousmane ឈ្នះពានគ្រាប់បាល់ល្អបំផុត រួមទាំងក្រុមសេណេហ្កាល់ទាំងមូលឈ្នះពានក្រុមល្អបំផុតប្រចាំទ្វីបអាហ្វ្រិកផងដែរ។ សូមបញ្ជាក់ថា ពិធីប្រគល់ពានជ័យលាភីបាល់ទាត់ទ្វីបអាហ្វ្រិកនេះ បានអាក់ខានអស់រយៈពេល ២ឆ្នាំមកហើយដោយសារវិបត្តិនៃជំងឺរាតត្បាតសកលកូវីដ-១៩៕
អត្ថបទ៖នាង សុភាវុធ