សហភាពអឺរ៉ុប៖ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ជុំវិញសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីប្រទេសជាសមាជិកប្លុកនេះបានគាំទ្រវិធានការជាបន្តបន្ទាប់ ដែលនឹងរួមបញ្ចូលការនាំចូលមាស និងរឹតបន្តឹងការត្រួតពិនិត្យការនាំចេញលើទំនិញបច្ចេកវិទ្យាខ្ពស់មួយចំនួន។

គណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា ទណ្ឌកម្មដែលត្រូវបានរឹតបន្តឹង និងមានរយៈពេលកាន់តែយូររបស់សហភាពអឺរ៉ុបប្រឆាំងនឹងវិមានក្រឹមឡាំង បញ្ជូនសញ្ញាយ៉ាងម៉ឺងដល់ទីក្រុង Moscow ថា យើងនឹងរក្សាសម្ពាធខ្ពស់ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ ខ្លឹមសារលម្អិតនៃទណ្ឌកម្មទាំងនោះមិនទាន់ច្បាស់នៅឡើយ ដោយសារថា នៅត្រូវការបង្ហោះចូលទៅក្នុងទស្សនាវដ្ដីផ្លូវការរបស់សហភាពអឺរ៉ុបសិន។ ក្រុមមន្ត្រីសហភាពអឺរ៉ុបបាននឹងកំពុងប្រឹងប្រែងពេញមួយសប្តាហ៍ ដើម្បីរឹតបន្តឹងកញ្ចប់ទណ្ឌកម្មឲ្យកាន់តែធ្ងន់ធ្ងរថែមទៀតលើប្រទេសរុស្ស៊ី និងសម្លឹងមើលមធ្យោបាយបន្ថែមលើបម្រាមនាំចេញមាស ដោយសង្ឃឹមថាវិធានការនេះអាចចាប់ផ្តើមមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គ្រាមនៅអ៊ុយក្រែន។
ប្រធានកិច្ចការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយកាលពីថ្ងៃចន្ទថា នៅពេលនេះ "រឿងសំខាន់បំផុតគឺបម្រាមនាំចូលមាសពីរុស្ស៊ី" ដែលជាឧស្សាហកម្មនាំចេញធំបំផុតទីពីររបស់ទីក្រុង Moscow បន្ទាប់ពីថាមពល។ ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ឬ G7 កាលពីខែមុនបានប្តេជ្ញារួចហើយចំពោះបម្រាមនាំចូលមាស ដោយលើកហេតុផលថា រុស្ស៊ីបានប្រើប្រាស់មាសរបស់ខ្លួនដើម្បីបម្រុងទុករូបិយប័ណ្ណរបស់ខ្លួន ចៀសវាងផលប៉ះពាល់នៃទណ្ឌកម្មជាច្រើនជុំ ដែលប្រទេសជុំវិញពិភពលោកបានដាក់រួចហើយលើទីក្រុង Moscow ក្រោយការចូលលុកលុយប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី24 ខែកុម្ភៈ។ លើសពីវិធានការរឹតត្បិត សហភាពអឺរ៉ុបក៏បានសម្រេចចិត្តផ្តល់ថវិកាចំនួន 500លានអឺរ៉ូដើម្បីបង្កើនលើជំនួយយោធាដល់អ៊ុយក្រែនផងដែរ៕
អត្ថបទ៖ សុខមាន