បាល់ទាត់៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup មួយក្នុងចំណោមពីរនឹងត្រូវបានសាកល្បងបើកឲ្យមានអ្នកគាំទ្រចូលទស្សនាផ្ទាល់។ លោក Oliver Dowden ដែលជាអគ្គលេខាធិការក្រសួងវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡាអង់គ្លេសបានបញ្ជាក់ថា ការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ២ប្រកួតនៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍ថ្ងៃទី១៧ និង ១៨ ខែក្រោយនេះស្ថិតក្នុងកម្មវិធីសាកល្បងរបស់ក្រសួង។
Chelsea នឹងត្រូវជួប Manchester City នៅថ្ងៃទី១៧ ខែមេសា និង Leicester ជួប Southampton ថ្ងៃទី១៨។ អ្នកគាំទ្រដល់ ២ម៉ឺននាក់នឹងត្រូវបានអនុញ្ញាតឲ្យចូលទស្សនា ក្នុងកីឡដ្ឋានវិញនៅអង់គ្លេសនៅខែឧសភាខាងមុខ ជាផ្នែកមួយនៃគំរោងរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការងើបចេញពីការវិធានការបិទខ្ទប់ប្រទេស។ កីឡាក្រៅសាលដែលរួមមានបាល់ទាត់ វាយកូនគោល និងវាយកូនបាល់ជាដើម ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញកាលពីថ្ងៃទី២៩ ខែមីនាកន្លងទៅ។
ក្នុងគំរោងផែនការនេះដែរ ក៏អាស្រ័យលើស្ថានភាពជាក់ស្តែងនៃអត្រាឆ្លងមេរោគ Covid-19 ផងដែរ ហើយប្រសិនបើការទប់ស្កាត់បានល្អមានន័យថា ចាប់ពីថ្ងៃទី១៧ ខែឧសភាវគ្គផ្តាច់ព្រ័ត្រ FA Cup អ្នកគាំទ្រប្រមាណ ១ម៉ឺននាក់រឺ ២៥% នៃកៅអីកីឡដ្ឋាននឹងត្រូវបានអនុញ្ញាតឲ្យចូលទស្សនា៕
អត្ថបទ៖នាង សុភាវុធ