ស្រីលង្កា៖ នគរបាលនៅក្នុងទីក្រុងកូឡំបូបានចាប់ខ្លួនក្រុមអ្នកតវ៉ាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ្នកនយោបាយជើងចាស់លោក Ranil Wickremesinghe បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា។

យោធាស្រីលង្កាបានចូលគ្រប់គ្រងការិយាល័យប្រធានាធិបតីក្នុងរដ្ឋធានី បន្ទាប់ពីវាយប្រហារយ៉ាងព្រៃផ្សៃលើក្រុមបាតុករ។ ទាហានស្រីលង្កាបានបំផ្លាញតង់នៅទីតាំងតវ៉ា ដោយចាប់ខ្លួនមេដឹកនាំបាតុករជាច្រើននាក់ និងឡោមព័ទ្ធតំបន់នេះដែលមានបាតុករប្រហែល 100នាក់។ ក្រុមបាតុករត្រូវបានគេឃើញស្ថិតនៅក្នុងមន្ទីរឃុំឃាំង របស់នគរបាលក្បែរការិយាល័យប្រធានាធិបតី ហើយកងកម្លាំងសន្តិសុខជាច្រើនត្រូវបានដាក់ពង្រាយ នៅខាងក្រៅការិយាល័យប្រធានាធិបតីនៅព្រឹកថ្ងៃសុក្រនេះ។ ប្រជាជនស្រីលង្កាបានធ្វើបាតុកម្មជាច្រើនខែមកហើយ ដើម្បីទាមទារឱ្យមេដឹកនាំកំពូលរបស់ពួកគេលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះភាពចលាចលផ្នែកសេដ្ឋកិច្ ចដែលបានបណ្តាលឱ្យប្រជាជន 22លាននាក់របស់ប្រទេសនេះជួបការលំបាក ដោយកង្វះសម្ភារៈចាំបាច់រួមទាំងថ្នាំពេទ្យ ប្រេងឥន្ធនៈ និងស្បៀងអាហារ។

លោក Wickremesinghe មិនដែលបានកាន់តំណែងកំពូលនេះទេ ប៉ុន្តែលោកបានទទួលជ័យជំនះក្នុងការបោះឆ្នោតសម្ងាត់របស់សមាជិកសភាកាលពីថ្ងៃពុធ ដើម្បីបញ្ចប់អាណត្តិរបស់អតីតប្រធានាធិបតីលោក Gotabaya Rajapaksa ដែលបានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីក្រុមអ្នកតវ៉ាបានសម្រុកចូលលំនៅឋានរបស់លោកកាលពីសប្តាហ៍មុន និងបានលាលែងពីតំណែង។ ការតែងតាំងរបស់លោកទទួលបានប្រតិកម្មចម្រុះ ដោយមានអ្នកគាំទ្រខ្លះដុតផាវ ខណៈក្រុមអ្នកតវ៉ាផ្សេងទៀតបន្តទាមទារឲ្យលោកលាលែងពីតំណែង។ លោក Ranil Wickremesinghe បានស្បថសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីថ្មីប្រទេសស្រីលង្កា ដើម្បីទទួលយកការងារប្រទេសជាតិដែលកំពុងញាំញី ដោយសារវិបត្តិសេដ្ឋកិច្ចមិនធ្លាប់ដែលមានពីមុនមក៕
អត្ថបទ៖ ប៊ុនថន