ភ្នំពេញ៖ បន្ទាប់ពីហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ កំពុងធ្លាក់ថ្លៃ បណ្តាពលរដ្ឋនៅតាមបណ្តាទីផ្សារសាធារណៈ ក៏ដូចនៅតាមបណ្តាហាងលក់មាសនានា នៅរាជធានីភ្នំពេញ បាននិងកំពុងទទួលពលរដ្ឋជាអតិថិជនចូលទិញ និងលក់មាស ហាក់មានកំណើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃចុងសប្តាហ៍។
នៅថ្ងៃទី២២ ខែកក្កដានេះ ដោយសារតម្លៃមាសហាក់កំពុងបន្តធ្លាក់ គេសំគាល់ឃើញថា មានពលរដ្ឋមួយចំនួន បានទិញគ្រឿងអលង្ការមាសទុកដើម្បីលំអរខ្លួន និងផលចំណេញរបស់គេ ហើយសម្រាប់ពលរដ្ឋដែលមានមាសនៅក្នុងដៃមួយចំនួន ក៏បានសម្រេចចិត្តលក់ចេញវិញដែរ ដោយសារគេបារម្ភខ្លាចមាសបន្តធ្លាក់ថ្លៃបន្តទៀត។
អាជីវករជួញដូរមាសនៅផ្សារច្បារអំពៅ រាជធានីភ្នំពេញ បានថ្លែងថា សម្រាប់ការលក់មាសនៅទីនេះ មានការប្រែប្រួលទៅតាមតម្លៃទីផ្សារមាសអន្តរជាតិទាំងអស់ ហើយនៅខណៈដែលតម្លៃមាសបាននិងកំពុងធ្លាក់ថ្លៃនេះ សំគាល់ឃើញថា ទាំងអតិថិជនដែលចូលមកសាកសួរតម្លៃមាស ហើយអតិថិជនដែលមកទិញមាសទុក និងមកលក់មាសវិញ មានកំណើនឡើងច្រើន ជាពិសេសការលក់ទិញ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍។
សូមបញ្ជាក់ថា សម្រាប់តម្លៃមាសដែលកែច្នៃធ្វើគ្រឿងអលង្កាលក់ នៅផ្សារច្បារអំពៅនៅព្រឹកនេះ លក់ចេញតម្លៃក្នុងរង្វង់ ១ជី ២០៥ដុល្លាអាមេរិច មាសចិញ្ចៀនលាត ២០៧ដុល្លាអាមេរិច ដោយឡែកមាសគីឡូ លក់ចេញ តម្លៃ២០៩ដុល្លាអាមេរិច ក្នុង១ជី ទិញចូលតម្លៃរង្វង់១៩៩ដុល្លាអាមរិច៕ អត្ថបទ ស៊ុម សុខជា