ភ្នំពេញ៖ គិតមកត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ សម្រេចបាន៦៦%ហើយ តាមផែនការគ្រោងទុក នឹងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខ ខណៈជំហានទី២សម្រេចបាន៤២%ផងដែរ ។
នេះបើតាមការឱ្យដឹងពីឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង នេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តម ឡុង ណារ៉ូ មានប្រសាសន៍ឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងជំរុញ ពន្លឿន ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតបាន ៣៩០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ(ជំហានទី១ ១៩៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងជំហានទី២ ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ) សម្រេចបានប្រមាណ៦៦% នៃគម្រោងសាងសង់ជំហានទី១ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបំពេញសេចក្តីត្រូវការនិងការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទំាងមូលឱ្យបានគ្រប់គ្រាន់។
ឯកឧត្តម បានបន្តថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឲ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។
សូមជំរាបថា រោងចក្រផលិតទឹកស្អាយបាក់ខែងនេះ បានបើកការដ្ឋានការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ២០២០ ពោលគឺចំពេលដែលកម្ពុជាកំពុងប្រឈមខ្លាំងជាមួយនឹងវិបត្តិកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជំងឺកូវីដ១៩ មិនមែនជាឧបសគ្គក្នុងការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតរបស់កម្ពុជាឡើយ គឺសកម្មភាពនៅតែបន្តជាប់ជាប្រចាំ ហើយសម្រេចបានលទ្ធផលគួរជាទីមោទនភាពនាពេលនេះ។
អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ រំពឹងថា ជាចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ រាជធានីភ្នំពេញ នឹងលែងខ្វះទឹកប្រើប្រាស់តទៅទៀតហើយ ពីព្រោះពេលនេះ ក្រុមការងារសាងសង់រោងចក្រផលិតទឹក បានពង្រីកបំពង់មេនាំទឹក ដែលដាក់បំពង់រហូតទៅដល់២ម៉ែត្រ ឆ្លងទៅបាតទន្លេសាប ហើយបាតទន្លេសាបនេះ គឺជាសំណង់ប្រវត្តិសាស្ត្រដែលយើងមិនដែលមានទេ គឺដាក់បំពង់ក្រោមបាតទន្លេសាបតែម្តង។
លោក Cedric ROUDE នាយកគ្រប់គ្រងក្រុមហ៊ុនម៉ៅការសាងសង់នៃក្រុមហ៊ុនបារាំង VINCI ដែលទទួលសាងសង់រោងចក្រទឹកស្អាតបាក់ខែងនេះ បានដឹងថា ក្រុមហ៊ុនរបស់លោកបានធ្វើការជាមួយនឹងប្រទេសកម្ពុជា ជាពិសេសជាមួយនឹងរដ្ឋករទឹកស្វយ័តភ្នំពេញតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ លោកក៏បានបង្ហាញអំពី ដំណើរ ក៏ដូចជាគុណភាព នៃការផលិតទឹកស្អាតនៅកម្ពុជាដែលអនុលោមទៅតាមស្តង់ដាពិភពលោក។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្ហាញសុទិដ្ឋិនិយមថា ចាប់ពីឆ្នាំ២០២៣តទៅ ខ្លួននឹងមានសមត្ថភាពផលិតទឹកស្អាតសរុប១ ០០០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីបិទបញ្ចប់នូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕







