ភ្នំពេញ៖ បន្ទាប់ពីជំងឺកូវីដ-១៩បំប្លែងថ្មីបានផ្ទុះរីករាលដាលសារជាថ្មី គេសង្កេតឃើញ ប្រជាពលរដ្ឋនៅក្នុង ខេត្តតាកែវ បានចូលខ្លួនចាក់វ៉ាក់សាំងដូសជំរុញទី៣ជាហូរហែ ដែលជំរុញអត្រា ចាក់វ៉ាក់សាំងដូសទី៣នេះ កើនឡើងដល់៧៤ភាគរយ។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា ការផ្ទុះជំងឺ កូវីដ-១៩សារជាថ្មី នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ដែលជាហេតុធ្វើឲ្យពួក គេចូលខ្លួនចាក់ដូសទី៣ ទី៤ និង៥ ដែលក្នុងនោះ ការចាក់ដូសជំរុញដូសទី៣ បានកើនឡើងរហូតដល់ ជាង៥០ម៉ឺននាក់ លើកទី៤ ជាង១០ម៉ឺននាក់ ឬ៣០ភាគរយ និងការចាក់ដូសទី៥ បានចំនួន៦ភាគរយ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការចូលមកចាក់ដូសជំរុញរបស់ប្រជាពលរដ្ឋ បានកើតឡើងមួយ រយៈក៏ស្ងាត់ទៅវិញ តែទោះជាយ៉ាងណា រដ្ឋបាលខេត្ត បានប្រើគ្រប់វិធីសាស្រ្ត ដោយបានចុះទៅចាក់ដល់ សាលារៀន វត្តអារាម និងតាមខ្នងផ្ទះប្រជាពលរដ្ឋផ្ទាល់តែម្ដង ដើម្បីធ្វើយ៉ាងណាឲ្យមានការគ្របដណ្ដប់ នៃការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ដូស ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្រាប់ខេត្តតាកែវ ប្រជាពលរដ្ឋដែលបានចាក់វ់ាក់សាំងបង្ការជំងឺកូវីដ-១៩លើកទី១ មានចំនួន ជាង៩០ម៉ឺននាក់ ឬ១១៨ភាគរយ ដូសទី២ មានចំនួន៩១ភាគរយ៕ អត្ថបទ៖ គុជ វិភាគ