ភ្នំពេញ ៖ រថយន្តធន់ធំមួយគ្រឿង បើកចេញពីកន្លែងប៉ះកង់ ឡើងមកមហាវិថី វិមានឈ្នះឈ្នះ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យជ្រុលគៀអូសរថយន្តធន់ធំមួយគ្រឿងទៀត ក្រឡាប់ផ្ងាជើង ចាក់ថ្មរាយពេញផ្លូវ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង១០ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយ មហាវិថី វិមានឈ្នះឈ្នះ ក្នុងសង្កាត គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
នគរបាលបានអោយដឹងថា តៃកុងរថយន្តក្រឡាប់ មានឈ្មោះ វី មុនី ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅភូមិភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គល់បុរី ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធន់ធំមួយគ្រឿង ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 3A-6005 បើកដោយបុរសម្នាក់ ដឹកថ្មតូចៗពេញឡាន តាមបណ្តោយ មហាវិថីវិមានឈ្នះឈ្នះ ទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធន់ធំមួយគ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-4751 បើក ចេញពីកន្លែង ប៉ះកង់ឡើងមកមហាវិថីវិមានឈ្នះឈ្នះ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យគៀគ្នា រហូតរថយន្តធន់ធំដែលដឹកថ្ម បួងចង្កូតគេចឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាជើងម្ខាង ចាក់ថ្មរាយពេញផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប ដាច់ក្រឡេកង់ខាងមុខ និង រថយន្តមួយគ្រឿងទៀតរងការខូចខាតទ្រង់ខាងក្រោយ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ ចំណែកតៃកុងរថយន្តដែលបើកឡើងពីកន្លែងប៉ះកង់ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចទីតាំងកើតហេតុរួចធ្វើការវាស់វែងយករថយន្តទាំងពី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនៅពេលក្រោយ៕អត្ថបទ ៖ កុម្ភះ





