ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញប្រាប់ BTV ព័ត៌មាន តាមប្រព័ន្ធតេឡេក្រាម (Telegram) នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះថា ចាប់ពីថ្ងៃទី១៥ ខែមិថុនារហូតមកដល់ថ្ងៃនេះ មនី្ទរសុខាភិបាលរាជធានីភ្នំពេញបានផ្តល់ថ្នាំអាបេតចំនួន ១១.៥០០គីឡូក្រាមដល់ការិយាល័យស្រុកប្រតិបតិ្តទាំង៦ នៅជាយក្រុងភ្នំពេញ។
ឯកឧត្ដមវេជ្ជបណ្ឌិត ងី មានហេង បានបន្ថែមទៀតថា ការិយាល័យស្រុកប្រតិបតិ្តទាំង៦ (ហៅកាត់ថា OD) នៅជាយក្រុងភ្នំពេញ ដែលបានទទួលថ្នាំអាបេតពីមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីយកទៅដាក់តាមពាងទឹក ខ្នងផ្ទះប្រជាពលរដ្ឋរួមមាន៖ OD បាសាក់ទទួលបានចំនួន ២០០០គីឡូក្រាម, OD ដង្កោទទួលបានចំនួន ១៥០០គីឡូក្រាម, OD ពោធិ៍សែនជ័យទទួលបានចំនួន ២៥០០គីឡូក្រាម, OD ព្រែកព្នៅទទួលបានចំនួន ២០០០គីឡូក្រាម, OD សែនសុខទទួលបានចំនួន ២០០០គីឡូក្រាម និង OD មេគង្គទទួលបានចំនួន ១៥០០គីឡូក្រាម សរុបចំនួន ១១.៥០០គីឡូក្រាម។ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញរូបនោះ បានអំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា) យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លានៅក្នុងសហគមន៌របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។
មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមនោះទេ។ ការទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៍គឺជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។ មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ ការដាក់អាបេតក្នុងពាង និងអាងទឹកដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា ក្នុងរយៈ៦ខែ (ខែមករា-ខែមិថុនា) ដើមឆ្នាំ២០២២នេះ ក្នុងរាជធានីភ្នំពេញករណីជំងឺគ្រុនឈាមមានចំនួន ៣៧៥ករណី និងករណីស្លាប់គ្មាន៕ អត្ថបទ៖ រដ្ឋា


