ទួរគី៖ ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រ ដោយប្រទេសទួរគី និងអង្គការសហប្រជាជាតិជួយសម្របសម្រួលសម្រាប់ ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនរាប់លានតោន ព្រមទាំងគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី ដោយបញ្ចប់ការប្រឈមមុខដាក់គ្នាក្នុងពេលសង្គ្រាម ដែលបានគំរាមកំហែងដល់សន្តិសុខស្បៀងនៅជុំវិញពិភពលោក។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងក្នុងពិធីចុះហត្ថលេខានៅទីក្រុង Istanbul ប្រទេសទួរគីថា កិច្ចព្រមព្រៀងដែលមិនធ្លាប់មានពីមុនមក ស្តីពីការបន្តការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមច្រកសមុទ្រខ្មៅ ក្នុងពេលមានសង្គ្រាមគឺជាសញ្ញានៃក្តីសង្ឃឹមនៅទូទាំងពិភពលោក ដែលត្រូវការជាចាំបាច់។ ផែនការរបស់អង្គការសហប្រជាជាតិដែលត្រួសត្រាយផ្លូវសម្រាប់គ្រាប់ធញ្ញជាតិ និងជីរបស់រុស្សីឈានទៅដល់ទីផ្សារពិភពលោក នឹងជួយរក្សាស្ថិរភាពតម្លៃស្បៀងអាហារនៅទូទាំងពិភពលោក និងទប់ស្កាត់គ្រោះទុរ្ភិក្សដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្របាននិយាយថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលបានឈានដល់រវាងអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល គឺជាសញ្ញាមួយផ្សេងទៀតដែលថា អ៊ុយក្រែនអាចទប់ទល់នឹងសង្គ្រាមនេះបាន។ លោកបាននិយាយថា គ្រាប់ធញ្ញជាតិប្រមាណ ២០លានតោនដែលមានតម្លៃ ១០ពាន់លានដុល្លារនឹងត្រូវនាំចេញ។
កិច្ចព្រមព្រៀងនេះនឹងស្ថិតនៅជាធរមានសម្រាប់រយៈពេល ១២០ថ្ងៃគិតចាប់ពីថ្ងៃចុះហត្ថលេខាកាលពីថ្ងៃសុក្រ ហើយអាចបន្តដោយស្វ័យប្រវត្តិសម្រាប់រយៈពេលដូចគ្នា លុះត្រាតែរុស្ស៊ី ឬអ៊ុយក្រែនជូនដំណឹងដល់ភាគីផ្សេងទៀតថា ពួកគេមានបំណងកែប្រែ ឬបញ្ចប់វា។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov កាលពីថ្ងៃសុក្របានសាទរចំពោះកិច្ចព្រមព្រៀងស្តីពីការនាំចេញស្បៀងអាហារ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល និងបាននិយាយថា វាបង្ហាញពីអ្វីដែលប្រទេសលោកខាងលិចកំពុងផ្លាស់ប្តូរ ការដាក់កំហុសលើទីក្រុងមូស្គូចំពោះបញ្ហាផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ។ លោកសង្ឃឹមថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ ហើយរុស្ស៊ីនឹងបន្តភាពស្មោះត្រង់ចំពោះកាតព្វកិច្ចរបស់ខ្លួននៅក្នុងតំបន់នេះ៕
អត្ថបទ៖ ប៊ុនថន