ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ គប្បីជៀសវាងនូវការរៀបចំពិធីផ្សេងៗ ដូចជាពិធីសាសនា ឬការជួបជុំគ្នាទាំងឡាយណា ដែលមានសភាពអ៊ូអរ និងមានមនុស្សច្រើនជាដើមនោះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ។
យោងតាមសារាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៣១ ខែមីនានេះ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត នៃវិធានការបង្ការទប់ស្កាត់ នូវមេរោគកូវីដ១៩ ស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិទាំងអស់ដោយ«សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ជៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និងជៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត។ ជៀសវាង នូវការធ្វើដំណើរមិនចាំបាច់ ទៅកាន់ ឬក៏ចេញចូលតំបន់ ឬទីកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបានកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ជៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនា ផង ឬការជួបជុំទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើនជាដើម»។
ក្នុងសារាចរនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបន្តក្រើនរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តវិធានការ«៣ការពារ និង៣កុំ» ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងៗទៀតសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ១៩ឲ្យបានខ្ជាប់ខ្ជួន និងគ្រប់គ្នាៗផងដែរ។
ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ ស្ថាប័នអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាល និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន ដែលបានអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន ទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជួនមនុស្ស និងការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងៗទៀត ដែលមានសភាពអ៊ូអរជាដើមផងដែរ។
ស្របពេលនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីម្តងទៀតដល់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទ មិនត្រូវដំឡើងថ្លៃសេវាដឹកជញ្ជួនអ្នកដំណើរនោះឡើយ ហើយត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរនៅលើយានយន្តរបស់ពួកខ្លួនផងដែរ៕
អត្ថបទ បាន ចក់



