សហរដ្ឋអាមេរិក៖ សេតវិមានបានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយផ្នែកសន្តិសុខបន្ថែមទៀតចំនួន 270លានដុល្លារដល់ប្រទេសអ៊ុយក្រែន ជាកញ្ចប់ជំនួយដែលនឹងរួមបញ្ចូលប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយមធ្យម និងយានដ្រូនយុទ្ធសាស្ត្របន្ថែមទៀត។

ជំនួយចុងក្រោយបំផុតនេះនាំឲ្យជំនួយសន្តិសុខសរុបរបស់សហរដ្ឋអាមេរិក ដែលបានប្តេជ្ញាចំពោះអ៊ុយក្រែនដោយរដ្ឋបាលរបស់លោក Joe Biden មានរហូតដល់ 8.2ពាន់លានដុល្លារ ហើយកំពុងត្រូវបានចំណាយតាមរយៈជំនួយសេដ្ឋកិច្ច និងសន្តិសុខចំនួន 40ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលត្រូវបានអនុម័តដោយសភាកាលពីខែឧសភា។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីបានបញ្ជាក់ច្បាស់ថា យើងនឹងបន្តគាំទ្ររដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែនក្នុងរយៈពេលវែងតាមដែលពួកគេត្រូវការ។
ជំនួយថ្មីនេះរួមមានប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំសមត្ថភាពខ្ពស់ចំនួន 4គ្រឿង ឬ HIMARS ហើយនឹងអនុញ្ញាតឱ្យទីក្រុង Kyiv ទទួលបានយានដ្រូន Phoenix Ghost រហូតដល់ 580គ្រឿងដែលជាប្រព័ន្ធអាវុធសំខាន់ៗទាំងពីរដែលនឹងធ្វើឱ្យអ៊ុយក្រែនបន្តប្រយុទ្ធ ទោះបីជាកាំភ្លើងធំរបស់រុស្ស៊ីមានឥទ្ធិពលខ្លាំងក៏ដោយ។ ជំនួយថ្មីបំផុតនេះក៏រួមបញ្ចូលគ្រាប់កាំភ្លើងធំចំនួន ៣៦,០០០ជុំ និងគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធអាវុធ HIMARS៕
អត្ថបទ៖ ប៊ុនថន