ឧត្ដរមានជ័យ៖ មន្រ្តីជំនាញសុខាភិបាលរួមទាំងកងកម្លាំងឈរជើងជួរមុខទាំងអស់ នៅតែបន្តបង្កើនពង្រឹងវិធានការត្រួតពិនិត្យលើអ្នកដំណើរឆ្លងដែនគ្រប់រូបនៅតាមច្រកទ្វារព្រំដែនសំខាន់ៗ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខណៈវិរុសបំប្លែងខ្លួនថ្មី AB4/AB5 កំពុងបង្កើនការ រាលដាលឆ្លងខ្លាំង នៅប្រទេសថៃម្តងទៀតនោះ។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រុមការងារមន្រ្តីសុខាភិបាលជួរមុខ បច្ចុប្បន្ននៅតែពង្រឹងវិធានការការពារនិងត្រួតពិនិត្យយ៉ាងម៉ត់ចត់គ្រប់ពេលនៅតាមច្រកព្រំដែនដែលខ្លួនបានឈរជើងដើម្បីរឹតបន្តឹងលើការពិនិត្យសុខភាពរបស់បងប្អូនអ្នកដំណើរឆ្លងដែនគ្រប់រូប ដោយមិនមានការធ្វេសប្រហែសនោះឡើយ ខណៈករណីវីរុសបំប្លែងថ្មីបានរាលដាលសារជាថ្មីម្តងទៀតនៅឯប្រទេសថៃនោះ។
លោកវេជ្ជបណ្ឌិត បានបន្តថា ពាក់ព័ន្ធករណីទាំងអស់នេះសម្រាប់សមត្ថកិច្ចជំនាញដែលឈរជើងតាមច្រកព្រំដែនទាំងភាគីកម្ពុជា-ថៃ បានសហការណ៍គ្នាបានយ៉ាងប្រសើរក្នុងការត្រួតពិនិត្យទៅលើករណីនេះ ដោយការប្រុងប្រយ័ត្នខ្ពស់ ចំពោះពលរដ្ឋអ្នកដំណើរឆ្លងដែនទាំងសងខាងដោយការពិនិត្យលើប័ណ្ណចាក់វ៉ាក់សាំងចាប់ដូសទី២ឡើង ទើបអាចឆ្លងដែនបាន។ ចំណែកអ្នកដែលពុំទាន់បានចាក់វ៉ាក់សាំងក្រុមការងារមន្រ្តីសុខាភិបាលជួរមុខបានផ្តល់ការចាក់វ៉ាក់ជូនបងប្អូននៅនឹងច្រកព្រំដែនតែម្តងដើម្បីបង្ការជំងឺឆ្លងផ្សេងៗ៕ អត្ថបទ៖ ឃិន សារិទ្ធ