កំពង់ស្ពឺ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា អាជ្ញាធរមីន បានបង្កើតយន្តការភូមិអស់មីន ដើម្បីធានាថា រាល់ចម្ការមីនទាំងអស់ មាននៅក្នុងភូមិត្រូវបានបោសសម្អាត ដើម្បីគាំទ្រដល់ផែនការអាទិភាពអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល និងឈានទៅសម្រេចបាននូវចក្ខុវិស័យ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥” ។
ការថ្លែងបែបនេះ នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងឱកាសចូលរួមក្នុងពិធីអបអរសាទរការប្រកាសភូមិវាល ជាភូមិអស់មីន ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភាកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ។
ការបោសសម្អាតមីននៅភូមិវាល ស្ថិតក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានការគាំទ្រពីអង្គភាព Khmer Times ប្រតិបត្តិការបោសសម្អាតដោយកងកម្លាំងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC)។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា យន្តការភូមិអស់មីន នឹងជួយពន្លឿនដល់ការបោសសម្អាតមីន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងរួមចំណែកយ៉ាងមានប្រសិទ្ធភាព ដល់ការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ គាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសង្គម កំពុងមានការរីកចម្រើនខ្លាំង ព្រមទាំងរួមចំណែកផងដែរ ធានាដល់ការកាត់បន្ថយចំណាយប្រតិបត្តិការរបស់ប្រតិបត្តិករ និងឈានទៅលុបបំបាត់អារម្មណ៍ភ័យខ្លាចរបស់សហគមន៍មូលដ្ឋាន ជាពិសេសទាក់ទាញនូវការចូលរួមគាំទ្រពីម្ចាស់ជំនួយថ្មីៗ និងសប្បុរសជននានា បន្ថែមទៀត។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ជាមួយនឹងយន្តការនេះ ចាប់ពីឆ្នាំ២០២១ អាជ្ញាធរមីន បានចលនាកៀរគរធនធានហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ អ្នកវិនិយោគិន និងសប្បុរសជននានា ដើម្បីទទួលការគាំទ្រ និងធ្វើការបោសសម្អាត ដោយចាប់ផ្តើមបញ្ចប់ការគំរាមដោយសារមីន ពីភូមិមួយ ទៅភូមិមួយ និង ពីខេត្តមួយ ទៅខេត្តមួយ ក្រោមការដឹកនាំ និងសម្របសម្រួលផ្ទាល់របស់អាជ្ញាធរមីន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក T Mohan និពន្ធនាយកនៃអង្គភាព Khmer Times និងសហការី ដែលបានផ្តល់នូវទឹកចិត្តប្រកបដោយសប្បុរសធម៌ការរួមចំណែកផ្តល់ដីសុវត្ថិភាព និងសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជម្រុញឲ្យកម្ពុជាកាន់តែខិតជិតសម្រេចគោលដៅគ្មានមីនឆ្នាំ២០២៥។
ក្នុងឱកាសនោះ ប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាគ្រួសារវិស័យសកម្មភាពមីនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ពិតជាអបអរសាទរ សម្តែងនូវការដឹងគុណ និងកត្តញ្ញូដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបង្កើតឲ្យមានចលនាជាតិដោះស្រាយបញ្ហាគ្រាប់មីន ដើម្បីឈានឆ្ពោះទៅកម្ពុជាសូន្យមីនឆ្នាំ២០២៥ តាមរយៈ “គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។
សូមបញ្ជាក់ថា ភូមិអស់មីន មិនមែនជាភូមិអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ។ មានន័យថា ភូមិវាលអស់មីន មិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេ សូមបងប្អូនបន្តប្រុងប្រយ័ត្ន និងរួមគ្នាបន្តចាត់វិធានការដោះស្រាយ និងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះទាំងនោះ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕








