
ភ្នំពេញ៖ ជនជាតិនីហ្សេរីយ៉ាដែលត្រូវបានរកឃើញថាមានជំងឺអុតស្វាដោយអាជ្ញាធរប្រទេសថៃ និងទទួលបានព័ត៌មានថាជនជាតិនីហ្សេរីយ៉ារូបនេះបានរត់គេចខ្លួនពីប្រទេសថៃចូលមកកាន់ប្រទេសកម្ពុជានៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ សមត្ថកិច្ចរាជធានីភ្នំពេញបានរកឃើញនិងឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ានេះហើយ។
លោក វរសេនីយ៍ទោ មៀច ឈួនសុីម៉ូលីន អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌចំការមន បានប្រាប់ BTV ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ានេះនៅត្រង់ចំណុចផ្ទះសំណាក់ពណ៌មាស ផ្លូវ៤៣០កែងផ្លូវ ៤៨០ ក្បែររង្វង់មូលផ្សារដើមថ្កូវ សង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។