អាស៊ានប៉ារ៉ាហ្គេម ៖ ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេមកម្ពុជាបានបង្ហាញក្ដីរំពឹងថា ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីដែលនឹងបើកការប្រកួតនាចុងសប្ដាហ៍នេះ ក្រុមអត្តពលិកជនពិការកម្ពុជាអាចដណ្ដើមបានមេដាយមាសយ៉ាងតិច ៣គ្រឿង។
នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមខ្លួនរួចរាល់របស់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជាទាំង ១១ប្រភេទកីឡាកាលពីចុងសប្ដាហ៍កន្លងទៅ ស្របអត្តពលិកជនពិការកម្ពុជានឹងត្រូវធ្វើដំណើរចាកចេញពីមាតុភូមិ តាមយន្ដហោះពិសេសដោយឥតគិតថ្លៃដែលត្រូវហោះត្រង់ពីរាជធានីភ្នំពេញទៅទីក្រុងសូឡូ នាថ្ងៃទី២៦ ខែកក្កដានេះតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines។ នាយបេសកកម្មដដែលរំពឹងថា កម្ពុជានឹងអាចបំបែកឯតទគ្គកម្មមេដាយ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ដែលកាលនោះកម្ពុជាដណ្ដើមបានត្រឹមមេដាយប្រាក់ ៥ និងសំរឹទ្ធ ៥គ្រឿងប៉ុណ្ណោះ។ ប៉ុន្ដែផ្អែកលើការខំប្រឹង និងការប្ដេជ្ញាចិត្តរបស់កីឡាករ-កីឡាការិនីជនពិការកម្ពុជាឆ្នាំនេះ ឯកឧត្តមជឿជាក់កម្ពុជានឹងអាចឈ្នះមេដាយមាសយ៉ាងតិច ៣គ្រឿង ខណៈមេដាយប្រាក់យ៉ាងហោច ១០ និងមេដាយសំរឹទ្ធយ៉ាងហោច ១៥គ្រឿង ផងដែរ។
សូមបញ្ជាក់ថា ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដែលនឹងចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូនាចុងសប្ដាហ៍នេះគឺមានចំនួន ១៦៦នាក់ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ១១៥នាក់លើ ១១ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការ បាល់ទាត់ម្ខាង ៧នាក់ វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងបូស្យា។ បេកសកម្មនេះដឹកនាំផ្ទាល់ដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះក៏នឹងមានមន្ដ្រីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាច្រើនរូប នឹងចូលរួមសិក្សារៀនសូត្រ ដើម្បីដកស្រង់បទពិសោធន៍ពីការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនៅទីក្រុងសូឡូ សម្រាប់យកមកត្រៀមរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា