កីឡារាំ៖ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះការបើកវគ្គបណ្ដុះបណ្ដាលចៅក្រមកម្រិតមូលដ្ឋាន គឺជាវគ្គមួយដ៏មានសារៈសំខាន់ ដើម្បីផលិតធនធានមន្ដ្រីបច្ចេកទេសត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលកាលពីចុងសប្ដាហ៍កន្លងទៅ ប្រធានសហព័ន្ធដដែលបានអះអាងថា បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋាននេះ សហព័ន្ធនឹងរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ទៀត ដើម្បីជំរុញឲ្យចៅក្រមកម្ពុជាមានសមត្ថភាពខ្ពស់ ដែលអាចចូលរួមកាត់សេចក្ដីក្នុងការប្រកួតកីឡាស៊ីហ្គេមបាន។ ដូច្នេះលោកជំទាវ សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀនសូត្រពីគ្រូឧទ្ទេសកម្រិតអន្ដរជាតិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យឈានដល់កម្រិតខ្ពស់ដែរ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលចៅក្រមកីឡារាំកម្រិតមូលដ្ឋាននេះ ធ្វើឡើងរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដោយមានសិក្ខាកាម ២៥រូបចូលរួមក្រោមការបង្ហាត់បង្រៀនរបស់គ្រូឧទ្ទេស ៣រូបគឺលោក ស៊ូវ តុង, អ្នកស្រី You Shu Jie និងលោក Royce Yeh ប្រធានសហព័ន្ធកីឡារាំកោះតៃវ៉ាន់ និងជាចៅក្រមអន្ដរជាតិដែលធ្វើការបង្រៀនតាមប្រព័ន្ធ Online៕
អត្ថបទ៖ លី ឈុនឡា