ភ្នំពេញ៖ ឆ្លើយតបនឹងព័ត៌មានដ៏សម្បូរបែប នៅលើបណ្ដាញសង្គម មានទាំងព័ត៌មានវិជ្ជមាន និងអវិជ្ជមាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បានពង្រឹងចិត្តសាស្ត្រដល់មន្ត្រីឲ្យមានភាពម្ចាស់ការ ស្មោះត្រង់នឹងការងារតួនាទីរបស់ខ្លួន ។
ក្នុងពិធីវគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី៥ ប្រចាំឆ្នាំ២០២២ រយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ដល់ទី២៩ ខែកក្កដា) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានប្រសាសន៍ថា ប្រព័ន្ធព័ត៌មានវិទ្យាបច្ចុប្បន្ន ទំនើបខ្លាំងណាស់ ដែលពីមុននៅកម្ពុជាព័ត៌មានវិទ្យា មានកម្រិតទាបណាស់ មានត្រឹមវិទ្យុស្ដាប់ ឬទូរទស្សន៍មើល ហើយអ្នកខ្លះការទទួលព័ត៌មានផ្សេងៗ មិនបានជាក់លាក់ ឬច្បាស់លាស់ ។
ឯកឧត្តមបន្តថា ឥឡូវបណ្ដាញព័ត៌មានវិទ្យានៅជាប់មនុស្សម្នាក់ៗ ពលរដ្ឋមានទូរស័ព្ទនៅក្នុងដៃ អាចមើលព័ត៌មានបានគ្រប់ពេល ដែលព័ត៌មានទាំងអស់នោះមកពីគ្រប់ទិសទី មានទាំងល្អ អាក្រក់ និងព័ត៌មានបំភ្លៃជាដើម ដែលព័ត៌មានខ្លះធ្វើឲ្យកងកម្លាំងមានភាពច្របូកច្របល់នៅក្នុងអារម្មណ៍ ដោយបញ្ហានេះហើយ ទើបមានវគ្គបំប៉ននេះ ។
នាយឧត្តមសេនីយ៍ សឹង សំណាង បន្ថែមថា ការចូលរួមវគ្គបំប៉ននេះបានបង្ហាញឲ្យឃើញអំពីស្មារតីយកចិត្តទុកដាក់ក្នុងភារកិច្ច និងសារៈសំខាន់នៃការងារអប់រំចិត្តសាស្រ្ត ដែលជាកត្តាមិនអាចខ្វះបាន សម្រាប់កងកម្លាំងប្រដាប់អាវុធ និងនិយាយដោយឡែកចំពោះកងយោធពលខេមរភូមិន្ទ ព្រោះជាកម្លាំងចលករមួយដ៏មានឥទ្ធិពល ជាអាវុធដ៏មុតស្រួចផ្តល់នូវកម្លាំងចិត្ត កម្លាំងកាយ ដល់យោធិនគ្រប់រូបឱ្យរឹតតែមានភាពខ្លាំងក្លា រឹងមាំ ជាពិសេសជំរុញនូវគោលជំហរ ស្មារតី សតិអារម្មណ៍របស់យោធិនម្នាក់ៗ ឱ្យមានឆន្ទៈមនសិការស្នេហាជាតិមុតមាំ ឈានទៅអនុវត្តសម្រេចជោគជ័យនូវ ភារកិច្ចធំៗ ។
មេបញ្ជាការកងទ័ពជើងអាកាស សង្កត់ធ្ងន់ថា ផ្អែកលើការងារនយោបាយចិត្តសាស្ត្រអប់រំផ្លូវចិត្តវិញ ត្រូវខិតខំឆ្លុះបញ្ចាំង សិក្សាឲ្យបានស៊ីជម្រៅថែមទៀតពីសច្ចៈភាព និងភាពមិនអាចខ្វះបាននៃការងារនេះ ហើយត្រូវត្រងត្រាប់ស្តាប់រាល់ការពន្យល់ បកស្រាយរបស់គ្រូដោយត្រូវមានការកត់ត្រា និងសាកសួរគ្រូរាល់ចំណុចសំខាន់ៗនៃមេរៀនឯកសារ ទុកជាទុនយកទៅផ្សព្វផ្សាយបន្ត ៕(ដោយ៖ បាន សុខរិទ្ធិ)


