បាល់ទាត់៖ ក្រុមញញួរធំ West Ham បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងតម្លៃ ៣០.៥ លានផោននាំយកខ្សែប្រយុទ្ធអ៊ីតាលី Gianlucu Scamacca ពីក្លិបអ៊ីតាលី Sassuolo។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះនឹងក្លាយជាកីឡាករទី ៤ ដែលផ្ទេរមកកាន់ West Ham រដូវកាលនេះ ខណៈក្លិបនៅទីក្រុងឡុងដ៍មួយនេះនឹងប្រកាសពីការចុះហត្ថលេខាផ្លូវការក្នុងសប្តាហ៍នេះ។
Gianluca Scamacca គឺជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតទី ២ នៅ Serie A រដូវកាលមុនដោយមានសរុប ១៦ គ្រាប់ពីការប្រកួតចំនួន ៣៦ ប្រកួត។ Scamacca ក៏ត្រូវបានកោះហៅចូលក្រុមជំរើសជាតិអ៊ីតាលីផងដែរកាលពីខែកញ្ញាឆ្នាំមុន និងបង្ហាញខ្លួនបាន ៧ ប្រកួតហើយតែមិនទាន់រកបានគ្រាប់បាល់នៅឡើយ។ West Ham មកទល់ពេលនេះបានយកកីឡាករចំនូលថ្មីបីរូបរួចហើយរួមមានខ្សែការពារ Nayef Aguerd ពីក្លិបបារាំង Rennes តម្លៃ ៣០ លានផោន, អ្នកចាំទី Alphonse Areola ទិញផ្តាច់ពី PSG និងខ្សែបម្រើ Flynn Downes ពី Swansea តម្លៃ ១២ លានផោន។ West Ham នឹងត្រូវបើករដូវកាល English Premier League នៅថ្ងៃទី ៧ ខែសីហាខាងមុខទទួលក្រុមការពារតំណែងជើងឯក Manchester City៕
អត្ថបទ៖នាង សុភាវុធ