ប្រដាល់គុនខ្មែរ៖ ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ “ម្ចាស់ជើងឯកខ្សែក្រវាត់ខារ៉ាបាវ” រដូវកាលទី ៨ ក្នុងប្រភេទទំងន់ ៦០ គីឡូក្រាមបានឈានដល់សប្តាហទី ៣ ជុំទី ២ ហើយនៅយប់ថ្ងៃអាទិត្យម្សិលមិញ។
ការប្រកួតដែលមានការចូលរួមទស្សនាច្រើនកុះករពេញ ស្ទូឌីយោស្ទឹងមានជ័យរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ការប្រកួតគូដណ្តើមខ្សែក្រវាត់គូទី ១ បានបញ្ចប់ទៅដោយកីឡាករថៃ ទួនប៉េស៊ីតសាមផាយ៉ាក ទទួលបានបីពិន្ទុជាលើកទី ២ របស់ខ្លួនក្រោយយកឈ្នះកីឡាករកម្ពុជា ផាន ផាន់ណាត ក្រោយអាជ្ញាកណ្តាលបញ្ឈប់ផាន ផាន់ណាត់នៅទឹកទី ៤។ កីឡាករចាស់វស្សាស្បែកតាន់វាយមិនចេះឈឺ ទួនប៉េបានវាយឱ្យផាន ផាន់ណាត់រាប់ពីរលើកនៅទឹកទី ៣ និងរាប់ម្តងទៀតនៅទឹកទី ៤ មុនពេលអាជ្ញាកណ្តាលបញ្ឈប់។ នេះជាបីពិន្ទុទី ២ សំរាប់កីឡាករថៃទួនប៉េក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលនេះមាន ៦ ពិន្ទុពេញ។
ចំណែកឯមួយគូទៀតជំនួបរវាងកីឡាករកម្ពុជា ពេជ្រ សម្បត្តិ និងកីឡាករថៃរ៉ាក់ថេ ស៊ីតអាចានបៀរ បញ្ចប់ទៅដោយកូនសិស្សអតីតកំពូលកីឡាករប្រដាល់គុនខ្មែរ ពេជ្រ សុផាន់ ទទួលបានបីពិន្ទុបន្ទាប់ពីផ្តួលកីឡាករថៃ រ៉ាក់ថែត្រឹមទឹកទី ២។ ពេជ្រ សម្បត្តិដែលបាត់បង់បីពិន្ទុនៅសប្តាហ៍ដំបូងនោះ ចូលទឹកទី ១ ភ្លាមសម្រុកមិនបង្អង់ដៃលើកីឡាករថៃ ខណៈទឹកទីពីរសម្បត្តិក៏ផ្តាច់រ៉ាក់ថែឱ្យសន្លប់តែម្តង។ ជ័យជំនះនេះធ្វើឱ្យពេជ្រ សម្បត្តិទទួលបានបីពិន្ទុបន្ថែមសរុប ៤ ពិន្ទុបន្តក្តីសង្ឃឹមឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សំរាប់សប្តាហ៍ទី ៤ នៅថ្ងៃអាទិត្យទី ៣១ខែកក្កដានេះ ជំនួបពីរគូទៀតគឺ ជ័រ ពៅ ជួបជាមួយជើងខ្លាំង ផាត់ថាណា ស៊ីតអាចានវីន និង ធន់ ផានិតជួបជាមួយផេតម៉េតម៉ៃ ស៊ីតណងឡេក៕
អត្ថបទ៖នាង សុភាវុធ