ភ្នំពេញ៖ នាវាទេសចរណ៍ដឹកភ្ញៀវទេសចរអន្តរជាតិទស្សនាតាមដងទន្លេមេគង្គកម្ពុជា វៀតណាម បានចាប់ផ្តើមមានមកដល់រាធានីភ្នំពេញ រួចបន្តទៅទស្សនាខេត្តសៀមរាប ជាលើកដំបូងឡើងវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម សម្របសម្រួលគ្នាទៅវិញទៅមក ជម្រុញលំហូរចលនាទេសចរណ៍រវាងប្រទេសទាំងពីរ ឆ្ពោះទៅកាន់កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកីឡា SEA GAME ឆ្នាំ២០២៣។
បើតាមលោក Naidah Yazdanl អ្នកគ្រប់គ្រងនាវាទេសចរណ៍Croisi Europe បានថ្លែងប្រាប់ BTVនៅថ្ងៃទី២៥ ខែកក្កដានេះ ថ្លែងថា នេះលើកដំបូងហើយ ដែលនាវាទេសចរណ៍អន្តរជាតិរបស់លោក នៅក្នុងចំណោមនាវាទេសចរណ៍អន្តរជាតិនានាផ្សេងទៀត បានដឹកភ្ញៀវទេសចរអន្តរជាតិភាគច្រើនមកពីអាមេរិច អូស្ត្រាលី និងភ្ញៀវមកពីអឺរ៉ុប មកជិះនាវាទស្សនាកម្សាន្តតាមទន្លេមេគង្គឆ្លងដែនពីប្រទេសវៀតណាម ចូលមករាជធានីភ្នំពេញ រួចបន្តដំណើរទៅខេត្តសៀមរាប ទស្សនាប្រាសាទអង្គរ ក្រោយពីបានអាកខានរយៈពេលជាង២ឆ្នាំកន្លងមកនេះដោយសារវិបត្តិកូវីដ១៩។
យ៉ាងណាក៏ដោយ លោក Naidah Yazdanl ក៏សូមសំដែងការដឹងគុណជាខ្លាំងចំពោះប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាល បានយកចិត្តទុកដាក់ បានជួយអន្តរាគមន៍ និងជម្រុញបើកចលនាទេសចរណ៍ក្នុងតំបន់អាស៊ាន ជាពិសេសជម្រុញចលនាទេសចរណ៍កម្ពុជាវៀតណាមឡើងវិញ។
សម្រាប់បណ្តាភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរតាមនាវា បានថ្លែងថា តំបន់ទេសភាពតាមដងទន្លេមេគង្គនៅកម្ពុជា នៅកម្ពុជាមានសភាពស្រស់ស្អាត ហើយគេក៏បានឃើញរបៀបរស់នៅពលរដ្ឋខ្មែររស់នៅតាមដងទន្លេ ជាមួយនឹងគ្មានព្រួយបារម្ភបារម្ភអំពីបញ្ហាការរាតត្បាតកូវីដ១៩ ខណៈរាជរដ្ឋាភិបាលគ្រប់គ្រងបានល្អចំពោះទប់ស្កាត់ការរាតត្បាតនៃមេរោគកូវិដ១៩នេះ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ នេះកម្ពុជាបានទទួលទេសចរអន្តរជាតិពីវៀតណាមកំណើនប្រមាណ១៥០% ហើយបើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា តាមរយៈការជម្រុញបើកទេសចរណ៍តាមផ្លូវទឹកនេះនឹងជម្រុញកម្ពុជាមានកំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា កើនលើស ១លាននាក់នៅដំណាច់ឆ្នាំនេះ៕ អត្ថបទ ស៊ុម សុខជា