ហ្វីលីពីន៖ នគរបាលហ្វីលីពីនបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារនៅបរិវេណសកលវិទ្យាល័យ ក្នុងតំបន់រដ្ឋធានីប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យបណ្តាលឲ្យអតីតអភិបាលក្រុងម្នាក់ និងមនុសុ្សពីរនាក់ផ្សេងទៀតស្លាប់នៅក្នុងការវាយប្រហារមួយនៅមុនពិធីប្រគល់សញ្ញាប័ត្រ។

នគរបាលនិយាយថា ជនសង្ស័យប្រដាប់ដោយកាំភ្លើងខ្លីពីរដើម ហើយត្រូវបានចាប់ខ្លួននៅក្នុងរថយន្តដែលព្យាយាមរត់គេចខ្លួនពីសកលវិទ្យាល័យ Ateneo de Manila ក្នុងទីក្រុង Quezon។ ខ្មាន់កាំភ្លើងត្រូវបានរារាំងដោយមនុស្សជាច្រើន និងអាជ្ញាធរនៅខាងក្រៅច្រកទ្វារចូលសកលវិទ្យាល័យ។ នគរបាលនិយាយថា សកលវិទ្យាល័យដ៏ធំទូលាយត្រូវបានដាក់នៅក្រោមវិធានការបិទខ្ទប់ ហើយពិធីប្រគល់សញ្ញាប័ត្រនៅសាលាច្បាប់ក្នុងបរិវេណសកលវិទ្យាល័យត្រូវបានលុបចោល។ ក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមកំណត់ពីមូលហេតុនៃការវាយប្រហារនេះ ប៉ុន្តែអធិការនគរបាលក្រុង Quezon បាននិយាយថា ជនសង្ស័យដែលជាវេជ្ជបណ្ឌិត មានជម្លោះជាយូរមកហើយជាមួយលោកស្រី Rosita Furigay អតីតអភិបាលក្រុង Lamitan នៅខេត្ត Basilan ភាគខាងត្បូង។

លោកស្រីបានស្លាប់ក្នុងការវាយប្រហាររួមជាមួយជំនួយការរបស់លោកស្រី និងអ្នកយាមនៅសកលវិទ្យាល័យ។ របាយការណ៍របស់នគរបាលបាននិយាយថា កូនស្រីរបស់លោកស្រី Furigay ដែលត្រូវបានគេសន្និដ្ឋានថានឹងចូលរួមពិធីប្រគល់សញ្ញាប័ត្រនេះបានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីលោក Ferdinand Marcos Jr. បានសន្យាថានឹងស៊ើបអង្កេតឲ្យបានឆាប់រហ័ស ហើយអ្នកដែលនៅពីក្រោយឃាតកម្មនេះនឹងត្រូវបាននាំមកកាត់ទោស៕
អត្ថបទ៖ ប៊ុនថន