បាល់ទាត់៖ ខ្សែការពារវ័យចំណាស់ប្រេស៊ីល Dani Alves បានចាកចេញពី Barcelona ជាលើកទី ២ ដោយលើកនេះបានផ្លាស់ទៅចូលរួមជាមួយក្លិបម៉ិកស៊ិក Pumas UNAM។ ខ្សែការពារវ័យ ៣៩ ឆ្នាំរូបនេះបានចូលរួមជាមួយ Barcelona ជាលើកទី ២ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយចាកចេញអស់រយៈពេល ៥ ឆ្នាំ។

Alves ធ្លាប់បានបញ្ជាក់កាលពីខែមុនថា នឹងមិនបន្តកិច្ចសន្យាជាមួយ Barcelona ដែលធ្លាប់បង្ហាញខ្លួនសរុបជាង ៤០០ ប្រកួត។ រំលឹកថា Dani Alves ធ្លាប់ចំណាយពេល ៨ ឆ្នាំលើកទី ១ ជាមួយ Barcelona ឈ្នះជើងឯក La Liga ៦ លើក និង UEFA Champions League ៣ លើក។ ជាមួយក្រុមជំរើសជាតិ Alves បានបង្ហាញខ្លួនសរុប ១២៥ ប្រកួតឱ្យប្រេស៊ីល និងសង្ឃឹមថាត្រូវបានកោះហៅម្តងទៀតសំរាប់ World Cup ២០២២ នៅកាតាឆ្នាំនេះ។ ចំណែកក្លិបបាល់ទាត់ Pumas UNAM បានខកខានឈ្នះជើងឯកលីគកំពូលម៉ិកស៊ិកតាំងពីឆ្នាំ២០១១ និងបានបញ្ចប់រដូវកាល ២០២១-២២ កន្លងទៅនៅចំនាត់ថ្នាក់លេខ ១១៕
អត្ថបទ៖នាង សុភាវុធ